ភ្នំពេញ÷យុវជនម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូលឿនឡើងទួលរអិលដួលត្រូវរថយន្តមិនចាំម៉ាកកិនពីខាងលើបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីយប់ឈានចូលថ្ងៃចន្ទទី៩ ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡុង ស៊ីថេត អាយុ១៩ឆ្នាំ មុខរបរជាងការបិត រ៉ូ បច្ចុប្បន្នស្នាក់នៅម្តុំស្ពានដែក មានស្រុកកំណើតនៅ ភូមិទួលត្បែង ឃុំ ឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជិះម៉ូតូម៉ាក Beat ពណ៌សលាយខៀវផ្លាកលេខពោធិ៍សាត់ ១K-០៨៦៧ ។
ប្រភពពីមិត្តភក្តិ ជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននឹងជនរងគ្រោះបានជិះម៉ូតូម៉ាក ប៊ិតមួយគ្រឿងពាក់ផ្លាកលេខ ពោធិ៍សាត់១K 08៦៧ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតបម្រុងត្រឡប់ទៅផ្ទះវិញ ពេលមកដល់កន្លែងកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅឡើងទួលរអិលដួលក៏ត្រូវរថយន្តមិនចាំម៉ាកមកកិនពីខាងលើបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការស្រាវជ្រាវនិងវាស់វែងបណ្តោះអាសន្នសិនដើម្បីរង់ចាំចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សា មេត