ភ្នំពេញ៖ស្ត្រីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ដែលឈប់នៅចិញ្ចើមផ្លូវពីក្រោយ ពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃចន្ទទី៩ ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ ២ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនចាំឈ្មោះ តែមានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ឌ្រីមសង់ សេ ១២៥ មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 1IH 4766 ធ្វើដំណើក្នុងទិសដៅពីលិចមកកើត រួចក៏ចូលឈប់អែបនៅចិញ្ចើមផ្លូវ ខណៈពេលភ្លាមៗនោះដែរ គេឃើញជនរងគ្រោះជាស្ត្រីបានជិះម៉ូតូម៉ាក ឌ្រីមសង់ សេ ១២៥ ដែលពាក់ផ្លាកលេខ ភ្នំពេញ1BZ 8564 មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតដូចគ្នា ក្នុងល្បឿនលឿន ខណៈពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយ ពេញទំហឹងបណ្តាលឲ្យបោកក្បាលនៅនឹងថ្នល់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការគ្នា ជាមួយជំនាញបានចុះមកដល់វាស់វែងយកម៉ូតូ ២គ្រឿងទៅរក្សាទុកនិងឃាត់ជនបង្កទៅធ្វើការសួនាំ និងធ្វើកំណត់ហេតុប្រគល់សព ជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សា មេត