ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ ធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម មានការហួសចិត្ត និងអាណិតជាខ្លាំង ខណៈបុរសម្នាក់ខំនាំគ្រួសារសាច់ញាតិ ពេញមួយឡានក្រុង ខំស្កាត់ពីនាយមកដល់អាយ ដើម្បីមកចូលស្តីដណ្តឹងនារីម្នាក់ ដែលបានទាក់ទងស្រឡាញ់គ្នាតាមហ្វេសប៊ុក ប៉ុន្តែ ពេលជិះឡានមកដល់ភូមិខាងស្រី ស្រាប់តែទាក់ទងលែងចូល ហើយអ្វីដែលហួសចិត្តបំផុតនោះ គឺនៅពេលអ្នកភូមិសុំមើលរូបប្រូហ្វាល់ហ្វេសប៊ុក ទើបដឹងថាស្រីជើងល្អនោះមិនមែនជាអ្នករស់នៅភូមិពួកគាត់ទេ តែជាអ្នករស់នៅភូមិជាប់គ្នា ហើយក៏ត្រូវបានដឹងថាមានអាយុជាង៣០ឆ្នាំ និងមានប្តីរួចហើយផងដែរ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ឧបាសិកា រ៉េត រស្មី ដែលជាអ្នកភូមិរស់នៅក្នុងភូមិកើតហេតុ បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះ និងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺ មកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដង ដូរលេខខលផងក៏មិនលើក ហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវ ពូគាត់ដើរសួគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ។
គណនីខាងលើបានបន្តទាំងហួសចិត្តថា «ដល់ម៉ោង11និង30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះ និងចាស់ទំខាងគាត់ថា គេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែន គេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូន ខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាប់គំនិតពួកខ្ញុំហើយ ក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែន ហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេអី»។
យ៉ាងណាមិញ បើតាមការសួរបញ្ជាក់បន្ថែមថា បងស្រីគណនីខាងលើបានប្រាប់ថា គាត់ស្គាល់នារីនោះ គឺរស់នៅជាប់ភូមិរបស់គាត់ មានអាយុជាង ៣០ ឆ្នាំ និងមានប្តីរួចហើយ។ ប៉ុន្តែ តាំងរូបក្នុងអាខោនហ្វេសប៊ុកជារូបបោក ដោយដាក់រូបក្មេងជំទង់ស្អាតអាយុខ្ទង់១៩ឆ្នាំ និងដាក់ឈ្មោះថា ស្រី ដា៕ ដោយ៖ លឹម ហុង