ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងហើយ ផលិតកម្ម Galaxy Navatra របស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បើទោះជាទើបត្រូវបានបង្កើតឡើងក្តី តែសន្ទុះនៃការគាំទ្រ និងភាពល្បីហាក់លេចធ្លោខ្លាំងគួរឲ្យកត់សម្គាល់។ ព្រោះថា ក្នុងផលិតកម្មនេះ គឺផ្តុំទៅដោយតារាចម្រៀងល្បីៗចូលជាបន្តបន្ទាប់ ជាពិសេសពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ, តារាចម្រៀង ខេម និងតារាចម្រៀងស្រីរូបស្អាតរាងតូចច្រឡឹង ដែលក៏ជាអ្នកនិពន្ធដ៏មានទឹកដៃ កញ្ញា តន់ ចន្ទសីម៉ា ជាដើម។
តែទោះយ៉ាងណា ផលិតកម្ម Galaxy Navatra នៅតែបន្តបង្កើនសមត្ថភាព និងគុណភាពរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀតដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនមិនឲ្យខកបំណងឡើយ ស្ថិតក្រោមការដឹកនាំដ៏យកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ ពីសំណាក់លោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ ដែលបានឆ្លងកាត់រសជាតិជីវិតដ៏សែនជូរចត់ច្រើនរាប់មិនអស់ ទម្រាំមានថ្ងៃនេះ។
ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យស្ងើចសរសើរជាខ្លាំង ខណៈឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំគ្រួសារ Galaxy Navatra ទៅដើរលេងលំហែកាយលក្ខណៈទេសភាពស្រុកស្រែ ទៅដល់ទឹកដីខេត្តព្រៃវែង ដោយបានរកខ្យង អូសត្រី បង់សំណាញ់ រួចយកត្រីស្រែធម្មជាតិមកអាំង មើលទៅពិតទំនងគួរឲ្យឆ្ងាញ់ដល់ហើយ។ ក្នុងនោះ លោក យឹម តាស្រង់ ក៏បានបញ្ជាក់សារខ្លីមួយឃ្លាថា៖ «ថ្ងៃនេះមកព្រៃវែង បង្កៃត្រី ចុចទឹកត្រីអំពិលទុំ មួយថ្ងៃ»។
យ៉ាងណាមិញ ក្រោយឃើញមុខម្ហូប និងសកម្មភាពជួបជុំគ្នាយ៉ាងសប្បាយរីករាយបែបនេះ ធ្វើឲ្យអ្នកគាំទ្រលានមាត់ថា៖ «ពិតជាប្លែកអារម្មណ៍មែនបង, ក្តីសុខសុភមង្គល នេះហៅថារសជាតិសុភមង្គលនៃជីវិត ដែលមនុស្សគ្រប់ៗគ្នាប៉ងប្រាថ្នាចង់បាន, មើលទៅសប្បាយដល់ហើយ, គ្រាន់តែមើលក៏មានក្តីសុខដែរមេអើយ ធ្លាក់ខ្យល់ត្រជាក់អ៊ីចឹងទៀត ខប់ណាស់, ទំនងឆ្ងាញ់ណាស់»៕ ដោយ៖ លឹម ហុង