ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ យ៉ាងអាណោចអាធ័ម និងម្នាក់ទៀរងរបួសស្រាល ខណៈដែលបើកម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋពីក្រោយយ៉ាងពេញទំហឹង បណ្ដាលអ្នកបើកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមភ្លាមៗ និងអ្នកជិះពីក្រោយរងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកឥដ្ឋពណ៌សពាក់ផ្លាកលេខភ្នំពេញ 3C-4542 បើបរដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ស៊េរី២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1GY-0799 បើកបរក្នុងល្បឿនលឿនទិសដៅស្របគ្នា ខ្វះកាប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យយុវជនឈ្មោះ គឹម ដេវីត អាយុ១៥ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម និងអ្នកជិះពីក្រោយឈ្មោះឈាន មករា មុខរបរសិស្ស មានទីនៅជាមួយគ្នារបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ បានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុបញ្ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត