មេដឹកនាំអាស៊ីអាគ្នេយ៍នឹងចាប់ផ្តើមប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ (១២ វិច្ឆិកា) ដែលត្រូវបានគេរំពឹងថានឹងនាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតឡើង នៅពេលដែលលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅតែមិនច្បាស់លាស់ ដោយបន្សល់ទុកនូវសំណួរជាច្រើន ជុំវិញការចូលរួមរបស់ខ្លួននៅក្នុងតំបន់។
មេដឹកនាំប្រទេសនៃសមាជិកអាស៊ានទាំង ១០ រួមទាំងមេដឹកនាំប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ គ្រោងនឹងបញ្ចប់កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅថ្ងៃអាទិត្យនេះ។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យ នៅខាងក្រៅនៃកិច្ចប្រជុំកំពូលដែលធ្វើឡើងតាមអនឡាញដែលមានរយៈពេលបួនថ្ងៃនៅទីក្រុងហាណូយ ដែលវានឹងចំណាយពេលជាច្រើនឆ្នាំដើម្បីបញ្ចប់ ប៉ុន្តែវានឹងកាត់បន្ថយពន្ធជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើនហើយវានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក។
ប្រទេសចំនួន ១៥ ដែលចូលរួមក្នុង RCEP មានចំនួនជិតមួយភាគបីនៃប្រជាជនពិភពលោកនិងស្មើនឹង ២៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រទេសចិនគឺជាប្រភពធំបំផុតនៃការនាំចូលនិងទិសដៅសម្រាប់ការនាំចេញសម្រាប់សមាជិក RCEP ។
លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម ដែលធ្វើជាប្រធានកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះបានមានប្រសាសន៍ថា៖« ការចុះហត្ថលេខាលើ RCEP នឹងផ្តល់សន្ទុះកំណើនសម្រាប់ពាណិជ្ជកម្មក្នុងតំបន់ជាពិសេសរវាងប្រទេសហត្ថលេខី»។
កិច្ចប្រជុំកំពូលនេះកើតឡើង ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ទោះបីជាលោក Joe Biden អ្នកប្រជាធិបតេយ្យត្រូវបានឲ្យដឹងថាទទួលបានសំឡេងគាំទ្រចំនួនជាង ២៧០ សម្លេងដែលជាសម្លេងដែលត្រូវការឈ្នះ។
លោក Biden ដែលជាអនុប្រធានក្នុងអំឡុងរដ្ឋការលោក បារ៉ាក់ អូបាម៉ា ត្រូវបានគេរំពឹងថានឹងងាកចេញពីរបៀបវារៈរបស់លោកប្រធានាធបតី Trump ដែលដាក់អាទិភាពតែចំពោះសហរដ្ឋអាមេរិក ហើយចូលរួមឡើងវិញយ៉ាងសកម្មនៅក្នុងតំបន់។
ប៉ុន្តែបញ្ហាប្រឈមផ្នែកច្បាប់ចំពោះលទ្ធផលនៃការបោះឆ្នោតនិងការបណ្តាញរដ្ឋមន្ត្រីការពារជាតិអាមេរិកដោយ
លោក Trump បង្កើនការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក នៅពេលដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើង។
សង្គ្រាមពាណិជ្ជកម្មបង្កើនពន្ធរបស់លោក Trump ជាមួយចិនបានផ្តល់កម្លាំងជំរុញបន្ថែមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីជំរុញទៅមុខកាន់តែលឿននូវកិច្ចព្រមព្រៀង RCEP បើមិនដូច្នេះទេដំណើរការនៅយឺត ដោយសារកិច្ចចរចាបានចាប់ផ្តើមតាំងឆ្នាំ ២០១២ ។
កិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ទំនងជានឹងពង្រឹងជំហររបស់ប្រទេសចិនកាន់តែខ្លាំងឡើងក្នុងនាមជាដៃគូសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍ជប៉ុននិងកូរ៉េ ហើយដាក់វាជាកិច្ចព្រមព្រៀងដ៏ប្រសើរមួយដើម្បីកំណត់គោលការណ៍ពាណិជ្ជកម្មក្នុងតំបន់។
លោក Le Hong Hiep សមាជិកនៅវិទ្យាស្ថាន ISEAS Yusof Ishak របស់សឹង្ហបុរីបាននិយាយថា“ ភាពមិនប្រាកដប្រជាទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបង្កឱ្យមានសំណួរទាក់ទងនឹងការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធ ហើយអាចផ្តល់ឱកាសដល់ប្រទេសចិនដើម្បីបង្កើនឥទ្ធិពលរបស់ចិនទៅក្នុងតំបន់”៕
ប្រភព៖ រ៉យទ័រ
ដោយ៖CEN