Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ មា​សប​កើនឡើង​គួរឱ្យភ្ញាក់ផ្អើល ៧១៦,៨ ភាគរយ ជាមួយ​ទឹកប្រាក់​សរុប​ចំនួន ២,២២ ពាន់​លាន​ដុល្លារ​

​ការនាំចេញ​របស់​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ១១ ៧១៤ លាន​ដុល្លារ​កើនឡើង​ប្រមាណ ១៨ ភាគរយ​
​ជា​តួលេខ​ទាប​ជាង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន (១៨,៤ ភាគរយ​) នេះ​បើ​យោងតាម​ស្ថិតិ​និន្នាការ​សេដ្ឋកិច្ចសង្គម​ដែល​បាន​ចងក្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​របាយការណ៍​បាន​បញ្ជាក់ថា​ការនាំចេញ​ផលិតផល​សរុប​របស់​កម្ពុជា​នៅតែមាន​ភាព​វិជ្ជមាន​សម្រាប់​រយៈពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ ២០២០ ទោះបីជា​សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​គេ​រំពឹងថា នឹងមាន​កំណើន​អវិជ្ជមាន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​មួយចំនួន​របស់​ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​ការរីក​រាលដាល​នៃ COVID-១៩ ។​

​ផលិតផល​នាំចេញ​ដែល​បង្ហាញ​ការកើនឡើង​រួមមាន​អង្ករ​ដែល​កើនឡើង ២៣,១ ភាគរយ កង់​កើនឡើង ២៧ ភាគរយ​និង​ឧបករណ៍​អគ្គិសនី​ដោយ​កើនឡើង ២២,៣ ភាគរយ​។ ក្នុងចំណោម​ការនាំចេញ​ផលិតផល​កសិកម្ម​បង្ហាញថា​សណ្តែក​កើនឡើង ៥៩,៣ ភាគរយ​គ្រាប់ស្វាយចន្ទី​កើនឡើង ១៦,៣ ភាគរយ​និង​ចេក​កើនឡើង ១៥៦,៧ ភាគរយ​។

​នៅក្នុង​ប្រភេទ​មិនមែន​កសិកម្ម​ការនាំចេញ មាស​បាន​កើនឡើង​គួរឱ្យភ្ញាក់ផ្អើល ៧១៦,៨ ភាគរយ​សម្រាប់​ទឹកប្រាក់​សរុប​ចំនួន ២,២២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ។ ប្រសិនបើ​តួលេខ​នៃ​ការនាំចេញ​មាស​មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុងការ​សរុប​ទេ​កំណើន​នាំចេញ​សរុប​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រហែល ៤,៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​របាយការណ៍​ក៏បាន​បន្ថែមទៀតថា​ការនាំ​ចូល​សរុប​របស់​កម្ពុ​ជាមាន​ចំនួន ១១ ៨៥៣ លាន​ដុល្លារ​ដែល​បាន​ធ្លាក់ចុះ​ប្រហែល ១១,៦ ភាគរយ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំនេះ​៕
ដោយ៖CEN

×