Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នេរ​អង្កោល​នៃ​ខេត្ត​កែប នឹង​ក្លាយ​ឆ្នេរ​ទេសចរណ៍​សាធារណ ដ៏​ទាក់ទាញ​មួយនា​ថ្ងៃ​ខាងមុខ

​ខេត្ត​កែប​៖ ឆ្នេរ​អង្កោល គឺជា​ឈ្មោះ​ឆ្នេរ​ទី​២​នៃ​ខេត្ត​កែប ជា​ឆ្នេរ​ដែលមាន​វែង​ជាងគេ ប្រវែង​ជិត​៣​ពាន់​ម៉ែត្រ ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ខណៈ​ឆ្នេរកែប​ដែល​ភ្ញៀវទេសចរ​តែង​មកលេង​រាល់ថ្ងៃ មាន​ប្រវែង​ត្រឹមតែ​ជាង​៤០០​ម៉ែត្រ​តែប៉ុណ្ណោះ​។

​បើតាម​អភិបាលខេត្ត​កែប ឆ្នេរ​នេះ​គឺជា​ឆ្នេរ​យុទ្ធសាស្ត្រ​មួយ របស់​រដ្ឋបាលខេត្ត​កែប ដែល​នឹង​អភិវឌ្ឍន៍​ទីនេះ​ទៅជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ហើយ​ដាក់​ទៅជា​ឆ្នេរ​សាធារណ សម្រាប់​ភ្ញៀវទេសចរ មកលេង​កំសាន្ត​ដោយ​សេរី​។ ទាំង​ទីតាំង​ភូមិសាស្ត្រ និង​សក្តានុពល ឆ្នេរ​អង្កោល​គឺមាន​សព្វ​យ៉ាង មាន​ដើម​ដូង​រាប់រយ​ដើម ដែល​អ្នកភូមិ​បាន​ដាំ បាន​ឈរ​ត្រៀម​ត្រា​ជា​ជួរ​មាន​កម្ពស់​ខ្ពស់សន្លឹម ដែល​ជួយ​បង្កើន​សម្រស់​នៅ​ប្រប​មាត់​ឆ្នេរ ចំណែក​ខ្សាច់​នៃ​ឆ្នេរ​នេះ គឺជា​ខ្សាច់​ធម្មជាតិ មាន​ពណ៌​ត្នោត គួប​ផ្សុំ​ជាមួយ​ទឹកសមុទ្រ​មាន​ពណ៌​ថ្លា បានធ្វើអោយ​ឆ្នេរ​នេះ ប្រៀប​បីដូច​ជា​កូនក្រមុំ​កំពុង​ឡើងខ្លួន ដែល​គ្រាន់តែ​ស្អិត​ស្អាត​បន្តិច​នឹង​អាច​មើលឃើញ​ពី​សម្រស់​ដ៏​ស្រស់ត្រកាល​ជាក់​ជាមិនខាន​។

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា “​ឆ្នេរ​អង្កោល​គឺជា​ឆ្នេរ​សក្តានុពល​មួយ ហើយក៏​ជា​ឆ្នេរ​យុទ្ធសាស្ត្រ​មួយ​ស្ថិតក្នុង​ផែនការមេ​របស់​ថ្នាក់​ខេត្ត ក្នុង​គម្រោង​អភិវឌ្ឍន៍​បន្ថែម​នូវ​តំបន់​អេកូ​ទេសចរណ៍ របស់​ខេត្ត​កែប តែ​សព្វថ្ងៃ​ឆ្នេរ​នេះ នៅ​ជួប​បញ្ហា​ចម្បង​មួយ​ដែល​យើង​កំពុង​រក​វិធី​ដោះស្រាយ​គឺ ការពង្រាយ​ដោយ​ស្មៅ​សមុទ្រ ដែល​មក​ទើរ​លើ​មាត់​ឆ្នេរ​នេះ ធ្វើអោយ​បរិស្ថាន​ទីនោះ​មើលទៅ​មិនទាន់មាន​ភាព​រៀបរយ​នៅឡើយ​”​។​

​គួ​បញ្ជាក់ថា ក្រៅពី​អភិវឌ្ឍន៍​ឆ្នេរ​អង្កោល​អោយក្លាយ​ទៅជា​ឆ្នេរ​កំសាន្ត​សាធារណ រដ្ឋបាលខេត្ត​កែប ក៏​កំពុង​ដាក់​កោះទន្សាយ​ទៅជា​កោះ ដែល​ត្រូវ​អភិវឌ្ឍន៍​ទៅជា​តំបន់​អេកូ​ទេសចរណ៍ ក្រោម​សមុទ្រ​ផងដែរ ដោយ​នឹង​រៀបចំ​អោយមាន​ការចុះ​មុជទឹក​មើល ផ្កាថ្ម មើល​ជីវចម្រុះ​ក្រោម​សមុទ្រ​ជាដើម​។ ទីតាំង​ទាំងពីរ​នេះ មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីគ្នា​នោះឡើយ បើ​យើង​ធ្វើដំណើរ​តាម​ទូក​អ្នកនេសាទ ប្រើពេល​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ និង​អាច​ទៅដល់​ជាក់​ជាមិនខាន​៕
​ដោយ​៖CEN


×