ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធសប្តាហ៍នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រីក្នុងតំបន់តាមប្រព័ន្ធវីដេអូខនហ្វើរិន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីនៃប្រទេសចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬ ហៅកាត់ថា អាសិបទាំងអស់ និងអគ្គលេខាធិការអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះអ្នកចរចាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៨ ឆ្នាំនេះ និងបានដោះស្រាយបញ្ចប់បញ្ហាសេសសល់ ដោយបានបញ្ចប់ការចរចាទាំងស្រុង ស្របតាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិប លើកទី៣ កាលពីឆ្នាំ២០១៩ កន្លងទៅ។
រដ្ឋមន្ត្រីទាំងអស់ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់នីតិវិធីក្នុងស្រុក រួមទាំងការស្នើសុំសិទ្ធិប្រទានឱ្យបានទាន់ពេលវេលា ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោក សុខ សុភ័ក្រថា ការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីស្តារសេដ្ឋកិច្ចតំបន់ឡើងវិញឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ការពង្រីកខ្សែច្រវាក់តម្លៃតំបន់ និងជាពិសេសជាបង្ហាញជំហរគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់។
លោកថា៖«កិច្ចព្រមព្រៀងអាសិបនេះ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលបង្កើតបានទីផ្សារទំហំ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦.២ ទ្រីលាន ដុល្លាអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីទាំងអស់ ក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិបនៅតែបើកចំហទទួលស្វាគមន៍ភាគីឥណ្ឌាជានិច្ច៕
ដោយ៖CEN