ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកខ្សាច់បើកទៅបុក រួចកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៩ និង៤០ នាទីយប់ ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់ មិនចាំផ្លាកលេខធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ គេបានឃើញម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ សេ ១២៥ ជិះដោយយុវជនម្នាក់ ដែលពាក់ផ្លាកលេខ 1GD ៨៩៤២ ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង ទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបុកពេញទំហឹងរួចកិនបែកខួរស្លាប់ក្នុងថ្លុកឈាម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញ ចុះមកដល់និងទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា ម៉េត