ភ្នំពេញ ៖ យុវជនបីនាក់បានបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តដឹកស៊ីម៉ងត៍ បើកទៅបុកពីក្រោយពេញទំហឹង រួចអូសម៉ូតូនៅក្រោមរថយន្តជាច្រើនម៉ែត្រ បណ្តាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មទាំងបីនាក់។ ចំណែកឯតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជូនទៅប៉ុស្តិ៍ ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៩ និង២០ នាទីយប់ថ្ងៃសៅរិ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនបីនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ សេ ១២៥ ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខភ្នំពេញ 1GX 6855 ធ្វើដំណើក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 3D 1148 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីក្រោយ ទិសដៅ ពីត្បូងមកជើងដូចគ្នា ក្នុងល្បឿនមិនបង្អង់ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង រួចអូសម៉ូតូនៅក្រោមរថយន្តជាច្រើនម៉ែត្រ បណ្តាលឲ្យយុវជនជិះម៉ូតូបីនាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
សូមបញ្ជាក់ សពជនរងគ្រោះទាំងបី មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញ ចុះមកដល់និងទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា ម៉េត