ភ្នំពេញ ៖ រថយន្តម៉ាក BMWមួយគ្រឿងបើកឆ្លងផ្លូវជិតផុត ក៏ត្រូវរថយន្តម៉ាក TAKOMA បើកបរដោយជនជាតិចិន មកបុកចំកន្ទុយពីក្រោយពេញទំហឹង រួចខ្ទាតទៅប៉ះនឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯម្ចាស់រថយន្តទាំងសងខាងមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្ត។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១២ និង ៤០ នាទីយប់ឈានចូលថ្ងៃអង្គារទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវណ័តព្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ា BMW មួយ គ្រឿងពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BB 0006 បើកបរដោយបុរសខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តមួយគ្រឿងទៀតម៉ាក TAKOMA មួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2BH 7655 បើកបដោយជនជាតិចិន ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្តុបណ័តព្រីត ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកចំហៀងកន្ទុយពីខាងក្រោយពេញទំហឹងរួចខ្ទាតរថយន្ត ម៉ាក BMW ទៅបះផ្ទប់នឹងបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ សំណាងណាស់ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនមានអ្នកស្លាប់និងរបួសនោះទេ រងការខូចខាតតែរថយន្តទាំសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការគ្នា ជាមួយជំនាញទាក់ទងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកវានិងធ្វើកំណត់ហេតុ យករថយន្តទាំងពីរទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត