ភ្នំពេញ ៖ រថយន្តដឹកហ្គាសមួយគ្រឿងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នដាច់ហ្វ្រាំង ក៏ជ្រុលទៅបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្តគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់បញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកឯម្ចាស់រថយន្តត្រូវកម្លាំងសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ៤០ នាទីថ្ងៃអង្គារ៍ទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវហាណូយ ក្នុងភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះទាំងអស់ ឈប់ចាំលក់ម្ជូ និងពងមាន់អាំង និងលៀសហាល ចាំលក់ឲ្យកម្មកររោងចក្រ ចំណែកឯជនរងគ្រោះដែលបានបាត់បង់ជីវិត ឈប់ចាំភ្លើងស្តុប ខណៈពេលភ្លាមនោះដែរ ស្រាប់តែគេឃើញរថយន្តដឹកហ្គាសមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 3E4913 បើកបក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ដាច់ហ្វ្រាំងបុករះ ម៉ូតូអ្នកលក់ ៥គ្រឿង និងរថយន្តមួយគ្រឿង ថែមទាំង ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។
សពមាន ឈ្មោះ យុន មេន អាយុ ៤០ ឆ្នាំ ជាងមានទីលំនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការគ្នាជាមួយជំនាញទាក់ទង ទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសព ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត