ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងឆ្លងស្តុបជិតផុតក៏ត្រូវបានរថយន្តព្រូសមួយគ្រឿងទៀតមកបុកចំពាក់កណ្ដាលទ្វារពេញទំហឹងរួចខ្ទាតទៅផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ។ ចំណែកឯតៃកុងរថយន្តទាំងសងខាងមិនមានរងរបួសនោះទេ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១២ និង៣០ នាទីយប់ឈានចូលថ្ងៃសៅរ៍ទី ២១ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BH 4556 បើកបរគ្នាពីនាក់ក្នុងទិសដៅពីកើតមកលិច ពេលមកដល់ភ្លើងស្តុបផ្លូវបំបែកជាបួន ស្រាប់តែគេឃើញរថយន្តម៉ាកព្រូសពណ៌ក្រហមមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ភ្នំពេញ 2 AY 9579 បើកបរដោយបុរសខាងលើធ្វើដំណើរក្នុងទិសដៅពីជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តព្រូសពណ៌សពេញទំហឹងរួចខ្ទាតទៅផ្ទប់បង្គោលភ្លើងរងការខូចខាតរថយន្តទាំងសងខាងស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញចុះមកដល់រួចក៏ពិនិត្យឃើញថារថយន្តទាំងពីរគ្រឿងមិនមានការប៉ះពៀរទៅលើទ្រព្យសម្បត្តិរដ្ឋរួចបានធ្វើលិខិតដឹងឮប្រគល់រថយន្តទាំងពីរ ឱ្យទៅជនរងគ្រោះវិញ។ ចំណែកជនរងគ្រោះព្រមយករថយន្តទៅជួសជុលរៀងខ្លួន៕ដោយ៖ សាមេត