ថ្មីៗនេះ វីដេអូមួយដែលបង្ហាញបុរសម្នាក់បណ្តើរខ្លាមួយក្បាល នៅលើដងផ្លូវ បានបង្កឲ្យអ្នកដំណើរមានការភ្ញាក់ផ្អើល និងញាក់សាច់គ្រប់ៗគ្នា។ តែទោះយ៉ាងណា បន្ទាប់ពីឃ្លីបវីដេអូនេះបានរីករាល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរកឃើញថា សត្វនេះតាមពិតគឺសត្វឆ្កែចិញ្ចឹមប៉ុណ្ណោះ ដែលម្ចាស់របស់វាបានលាបពណ៌ឲ្យដូចខ្លា និងដាក់កន្ទុយក្លែងក្លាយប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន MailOnline បានឲ្យដឹងថា ឆ្កែ១ក្បាលនេះ គឺជាសត្វចិញ្ចឹមរបស់បុរសម្នាក់ឈ្មើ Lu រស់នៅក្នុងទីក្រុង Zhang Yi ខេត្ត Gangsu ប្រទេសចិន។
ដោយឡែកសារព័ត៌មានក្នុងស្រុក Zhangye Daily បានរាយការណ៍ថា ម្ចាស់ខាងលើនេះបានលាបពណ៌រោមឆ្កែរបស់ខ្លួនឲ្យដូចនឹងស្តេចសត្វព្រៃ។ គាត់ក៏បានរុំកន្ទុយក្លែងក្លាយឲ្យវាផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលសត្វត្រូវបានលាបពណ៌ផ្សេងៗគ្នា ដើម្បីជាការទាក់ទាញសម្រាប់ម្ចាស់របស់វា។
តែយ៉ាងណា ម្ចាស់ឆ្កែក៏ត្រូវបានគេណែនាំមិនឱ្យប្រើផលិតផលរបស់មនុស្ស ដូចជាថ្នាំលាបសក់ ព្រោះរោមនិងស្បែករបស់ពួកវាខុសគ្នាខ្លាំងពីស្បែកនិងសក់របស់មនុស្ស ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកវាផងដែរ៕ ដោយ៖ លឹម ហុង