ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងលោកអ៊ួច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីពិនិត្យការបាញ់ស៊ីបគ្រាប់ពិតកាំភ្លើងយន្តធុនស្រាល( PKMS) អាវុធ AK47 និងដាក់ឲ្យប្រើប្រាស់ទីលានបាញ់ស៊ីបរបស់តំបន់ប្រតិបត្តិការសឹករងតាកែវ ស្ថិតនៅចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំង ក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងតាកែវ រាយការណ៍ស្តីពីការបណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងតាកែវ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព យោធា តាមផែនការហ្វឹកហ្វឹកហ្វឺន រយៈពេល ៩១ថ្ងៃ មានសិក្ខាកាមសរុប ៨០ នាក់ ។
ក្នុងឱកាសនោះ លោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មានមតិសំណេះសំណាល និង កោតសរសើរ ទៅ ដល់ នាយ ទាហាន នាយ ទាហានរង ពលទាហានក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងសំណូមពរឲ្យពួកគេខិតខំ ប្រឹងប្រែងតស៊ូហ្វឹកហ្វឺនរៀនសូត្រ គោរពវិន័យ និងច្បាប់រដ្ឋធម្មនុញ្ញ ។
មេបញ្ជាការយោធភូមិភាគទី៣ បានធ្វើការវាយតម្លៃ ក្នុងការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ទទួលបានលទ្ធផលល្អប្រសើរ និងគិតគូររៀបចំ ទីតាំងទីលានបាញ់ស៊ីបនេះ ឲ្យបានល្អពីមួយកម្រិតទៅមួយកម្រិតទៀត ៕ដោយ៖CEN