នៅព្រឹកថ្ងៃទី១៨ ខែ១០នេះ មហាសន្និបាតលើកទី១៩ របស់គណបក្សកុម្មុយនីស្តចិន បានបើកសម្ភោធជាផ្លូវការនៅក្រុងប៉េកាំង។ មហាសន្និបាតនិងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីមួយ របស់ប្រទេសចិនក្នុងអំឡុង៥ឆ្នាំខាងមុខទៀត។
មហាសន្និបាតនេះមានការចូលរួមរបស់សមាជិក២២៨០នាក់ ដែលតំណាងឲ្យបក្សជនប្រមាណ៨៩លាន នៅពាសពេញប្រទេសចិន។ ប្រៀបធៀបជាមួយចំនួនសមាជិកដែលមុននោះប្រព័ន្ធផ្សព្វផ្សាយបានប្រកាសគឺមានចំនួនតិចជាង៧នាក់ មានន័យថា សមាជិកតំណាង៧រូប ត្រូវបានផាត់ចេញពីបញ្ជីនៅនាទីចុងក្រោយ ។
កិច្ចប្រជុំបិទទ្វារនេះ នឹងប្រព្រឹត្តទៅនៅមហាសាលប្រជាជនក្រុងប៉េកាំងពីថ្ងៃទី១៨ ខែ១០ ដល់ថ្ងៃទី ២៤ ខែ១០ សំដៅដាក់ចេញនូវគោលនយោបាយសំខាន់ៗចំពោះជោគវាសនារបស់ចិនអំឡុង៥ឆ្នាំខាងមុខ។
មហាសន្និបាតនឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាល២០០នាក់ និងសមាជិកបំរុងគណៈកម្មាធិការកណ្តាល១០០នាក់ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងសន្និបាតនេះ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សចាស់ប្រមាណពាក់កណ្តាលត្រូវបានជំនួសដោយសមាជិកថ្មី។
មហាសន្និបាតលើកទី១៩ របស់បក្សកុម្មុយនីសចិនបើកសម្ភោធនៅព្រឹកថ្ងៃទី១៨ ខែ១០ នៅក្រុងប៉េកាំង
គណៈកម្មាធិការមជ្ឈិមបក្សថ្មីនឹងបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយព្រមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ រួមមានសមាជិក២៥នាក់ ក្នុងចំណោមនោះមាន៧រូប នឹងត្រូវបានបោះឆ្នោតចូលជាសមាជិកគណអចិន្ត្រៃយ៍ការិយាល័យនយោបាយ។
ក្បាលម៉ាស៊ីនដឹកនាំបក្សកុម្មុយនីស្តចិនអាណត្តិថ្មីតាមគម្រោងនឹងត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃទី២៥ខែ១០ បន្ទាប់ពីមហាសន្និបាតបក្សបញ្ចប់នៅថ្ងៃទី២៤ខែ១០ ។
ក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ មានភារៈកិច្ចសដាក់ចេញគោលនយោបាយសេដ្ឋកិច្ច សង្គម យោធា នយោបាយ រួមទាំងគោលនយោបាយក្នុងស្រុកការបរទេសរបស់ចិនសម្រាប់អំឡុងពេល៥ឆ្នាំខាងមុខ។
ថ្លែងបើកអង្គមហាសន្និបាតប្រធានរដ្ឋចិន ស៊ី ជិនពៀន បានរំលឹកឡើងវិញនូវសមិទ្ធិផល៥ឆ្នាំកន្លងមករបស់ចិន ក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការបំពុលបរិស្ថាន រក្សាសន្តិសុខជាតិ ។ លោកស៊ី ក៏បាននិយាយដល់គំនិតច្នៃប្រឌិត “ខ្សែក្រវ៉ាត់មួយ វិថីមួយ” ហើយសារជាថ្មីម្តងទៀតក៏បានសង្កត់ធ្ងន់ទៅដល់ “សុបិន្តប្រទេសចិន”។
លើបញ្ហាសេដ្ឋកិច្ចលោកស៊ី បានឲ្យដឹងថា GDP របស់ប្រទេសចិន បានកើនឡើងពី ៥៤ពាន់ប៊ីលានយ័ន ឡើងដល់ ៨០ពាន់ប៊ីលានយ័ន ស្មើនឹងជាង៣០% នៃGDP ទូទាំងពិភពលោក។
លើបញ្ហាសន្តិសុខលោកស៊ី ថ្លែងថា ប្រទេសចិន បានមានភាព “លោតផ្លោះជាប្រវត្តិសាស្ត្រ” ក្នុងការកែទម្រង់កងទ័ពនិងកិច្ចការពារប្រទេស។
ទាក់ទិនដល់យុទ្ធនាការប្រឆាំងអំពើពុករលួយ លោកស៊ី វាយតម្លៃថា យុទ្ធនាការនេះបានបង្ហាញឲ្យឃើញប្រសិទ្ធភាពយ៉ាងជាក់លាក់ក្នុងគោលបំណងសំអាតបក្ស។ យុទ្ធនាការនេះចាប់ផ្តើមតាំងពី៥ឆ្នាំមុន ហើយរហូតមកទល់ពេលនេះមានមន្ត្រីជាង១លាននាក់ បានរងការដាក់ពិន័យ ហើយរាប់ពាន់នាក់បានជាប់ពន្ធធនាគារ ៕ សូយន