ភ្នំពេញ៖ កម្ពុជា បានធ្វើការផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្ម ជុំទី២ ទៅដល់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធនានា ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្មនេះ បានសហការជាមួយអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជុំទី២ ដល់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធនានា នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម។
សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព័ត៌មាន គម្រោង ទៅសហគមន៍ កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ និងផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោង ពិពិធកម្មកសិកម្មកម្ពុជា រួមមាន ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងហិរញ្ញប្បទានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ (Credit Line) កំណត់អត្តសញ្ញាណសហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូចនិងមធ្យម ដើម្បីរៀបសំណើធ្វើពិពិធកម្មកសិកម្ម និង ផែនការអាជីវកម្មកសិកម្ម ដើម្បីទទួលបានការគាំទ្រហិរញ្ញប្បទានពីគម្រោងពិពិធកម្មកសិកម្ម និង គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការ ព្រមទាំងផ្សព្វផ្សាយព័ត៌មាន កិច្ចគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។
នៅក្នុងឱកាសនោះ លោក គង់ ភាជ បានមានប្រសាសន៍ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបានការគាំទ្រហិរញ្ញប្បទានសរុប ១០១,៦៧ លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ចីសម្បទានពី ធនាគារពិភពលោក មានចំនួន៩១,៦៧ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១០ លានដុល្លារអាមេរិក។ ថវិកាទាំងនេះ នឹងប្រើប្រាស់ដើម្បីអនុវត្តគម្រោង ក្នុងរាជធានី ខេត្តគោល ដៅ ចំនួន១៣ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ។ តាមរំពឹងទុកគម្រោងពិពិធកម្ម កសិកម្មកម្ពុជានឹងផ្តល់ប្រយោជន៍ទៅដល់គ្រួសារចំនួន១៧០០០ (ក្នុងនោះមានស្ត្រី៣០ភាគរយយ៉ាងតិច)។
លោក គង់ ភាជ បានបន្ថែមថា ក្រសួងកសិកម្ម ជាភ្នាក់ងារ ដឹកនាំអនុវត្តគម្រោង និងសម្របសម្រួលការអនុវត្ត ហើយក្រសួងសេដ្ឋកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ជាស្ថាប័នអនុវត្តគម្រោង។ ក្រសួងកសិកម្ម បានជ្រើសរើសជាស្ថាប័នមួយចំនួនដែលរួមមានវិស័យឯកជនផងដែរ ជាអ្នកផ្តល់សេវាគាំទ្របច្ចេកទេស ដើម្បីគាំទ្រការរៀបចំសំណើពិពិធកម្ម កសិកម្ម និងផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម និងកសិធុរកិច្ចខ្នាតតូច និងមធ្យម។
សូមបញ្ជាក់ថា គម្រោងពិពិធកកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម បាននិងកំពុងអនុវត្តន៍ សកម្មភាពរបស់ខ្លួនចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។ សិក្ខាសាលាផ្សព្វផ្សាយនេះ ជាការជូនដំណឹងដល់សហគមន៍កសិកម្ម ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម ក្រុមហ៊ុន ដែលមាន ចំណាប់អារម្មណ៍ចង់ចូលរួមជាមួយគម្រោង សូមទាក់ទងមកគម្រោង ដើម្បីចូលរួមសិក្ខាសាលាក្រោយៗ ដើម្បីមានឱកាសចូលរួម និងដាក់សំណើសុំថវិកាគាំទ្រគម្រោង ដើម្បីដំណើការអាជីវកម្មកសិកម្ម របស់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម នៅពេលខាងមុខនេះ៕ ដោយ ៖ CEN