ភ្នំពេញ: អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការបិទស្ថានទូតនៃប្រទេសស៊ុយអែត ប្រចាំកម្ពុជា គឺជាកិច្ចការផ្ទៃក្នុងរបស់គេ ហើយការបិទនេះ គឺមិនប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរទេ។ ទាក់ទងការបិទស្ថានទូតនេះ ក្រសួងការបរទេសស៊ុយអ៊ែតបានបញ្ជាក់ថា ទោះបីជាស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ នឹងត្រូវបិទទ្វារនៅចុងឆ្នាំ២០២១ខាងមុខនេះ ក៏ស៊ុយអែត នៅតែមានទំនាក់ទំនងល្អជាមួយកម្ពុជា។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ CEN ឲ្យដឹងនៅព្រឹក ថ្ងៃទី២៨ ខែ វិច្ឆិកា ថា ទាក់ទងការបិទស្ថានទូតនៃប្រទេសស៊ុយអែត ប្រចាំកម្ពុជា គឺទី១. ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងការបិទ ឬបើកស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស។ ២. ការប្រកាសបិទស្ថានទូតនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែតទេ និង៣. កម្ពុជា និងស៊ុយអែតមានទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩១ ហើយស៊ុយអែតបានបើកស្ថានទូតនៅភ្នំពេញក្នុងឆ្នាំ២០១០។
ក្រសួងការបរទេសស៊ុយអែតបានប្រកាសកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា នៅពេលដែលស្ថានទូតបិទចាប់ពីចុងឆ្នាំ២០២១ តទៅនោះ នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ដោយសកម្មភាពការបរទេសទាំងឡាយជាមួយកម្ពុជាត្រូវផ្ទេរឱ្យស្ថិតក្រោមការចាត់ចែងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃវិញ។
ចំណែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិញ ក្រសួងការបរទេសស៊ុយអែតបញ្ជាក់ថា នឹងនៅតែបន្តអនុវត្តតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ថា ស៊ីដា (Sida)។
ក្រសួងការបរទេសស៊ុយអែតបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការសម្របខ្លួនជាបន្តរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី។ ក្រសួងការបរទេសឱ្យដឹងទៀតថា ដំណើរការផ្លាស់ប្ដូរបើក ឬបិទស្ថានទូត និងស្ថានកុងស៊ុលនេះ តែងកើតឡើងជាប្រចាំ។
ក្រសួងការបរទេសស៊ុយអ៊ែតបន្ថែមថា ទោះបីជាស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ នឹងត្រូវបិទទ្វារនៅចុងឆ្នាំ២០២១ក្តី ក៏ស៊ុយអែត នៅតែមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយទំនាក់ទំនងនេះ នឹងបន្តតាមមធ្យោបាយថ្មីទៀត៕ដោយ៖CEN