ភ្នំពេញៈ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២០ របាយការណ៍បង្ហាញឱ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម សម្រេចបានលទ្ធផល ៥៨៩ករណី ស្មើនឹងប្រមាណ៩០ភាគរយ ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ។ ក្នុងនោះបង្ក្រាបបទល្មើសឧក្រិដ្ឋ១០០ករណី បង្ក្រាបបទល្មើសមជ្ឈិម៤៨៩ករណីនិងចាប់ឃាត់ខ្លួនជនសង្ស័យសរុប៨៧៣នាក់យកទៅអនុវត្តតាមច្បាប់។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា នៅឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌកើតឡើងសរុប ៦៥៤លើក បើប្រៀបឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌកើតឡើង ៨៣៨លើក ដែលនាំឱ្យនៅឆ្នាំ២០២០បទល្មើសព្រហ្មទណ្ឌបានថយចុះ១៨៤ករណី ខណៈដែលការងារពង្រឹងសន្តិសុខ ការដាក់ចេញនូវវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពីសំណាក់កងកម្លាំងនគរបាលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ជាប្រចាំនៅក្នុងរាជធានីភ្នំពេញ៕ដោយ៖CEN