ភ្នំពេញៈ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នេះ ប៉ូលិសបានចាប់ខ្លួនម្ចាស់ចំការឪឡឹក ពាក់ព័ន្ធករណីសង្ស័យពុលទឹកដែលមានសារធាតុគីមីពុល ដែលបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងមនុស្ស១៣នាក់ផ្សេងទៀត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ករណីពុលទឹកបាញ់ថ្នាំឪឡឹកនេះ បានកើតឡើងនៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលជាម្ចាស់ចម្ការត្រូវបានឃាត់ខ្លួន នាំយកមកស្នងការនគបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត។ លោកបន្តថា ម្ចាស់ចម្ការឈ្មោះ ជា វិត អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិទ័ពតាឡាត់ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ចំការ បានយកធុងថ្នាំទៅលាងនៅអណ្ដូងទឹកដែលជិតនោះចំនួន៣ធុង ហើយក្រោយពីបាញ់ថ្នាំឪឡឹក រួចគាត់ក៏បានលាងសម្អាតសម្ភារនៅជិតអណ្តូង នឹងចុះស្តារអណ្ដូងសម្អាតឡើងវិញ ។ ក្រោយការលាងសម្អាតអណ្ដូងរួច ម្ចាស់ចម្ការបានយកសម្បកថ្នាំបាញ់សម្លាប់សត្វល្អិតបីប្រភេទ និងយកសម្បកទៅដាក់ព្រៃ ដើម្បីជាសញ្ញាឲ្យប្រជាពលរដ្ឋបានដឹង៕ដោយ៖CEN