បាត់ដំបង៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា កម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន ប៉ុន្តែគ្មានពេលណាដែលកម្ពុជាបានចាប់ងើបមុខនិងមានការរីកចម្រើនលគ្រប់វិស័យដូចសម័យបច្ចុប្បន្ននេះទេ។
លោកថ្លែងបែបនេះនៅក្នុងបាឋកថានៅឯពុទ្ធិកវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបង ក្រោមប្រធានបទ«ដំណើរកម្ពុជារយៈពេលកន្លះសតវត្សរ៍ចុងក្រោយ» កាលពីថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមកិច្ចសហការរវាងពុទ្ធិកវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបងនិងធនាគារជាតិនៃកម្ពុជា។
គោលបំណងសំខាន់នៃបឋកថាគឺដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងនោះវាគ្មិនក៏បានបង្ហាញពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាដល់អ្នកចូលរួមផងដែរ។
លោក ជា ចាន់តូ ថ្លែងថា៖ «ក្រោយឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានឈានដល់ការបង្រួបបង្រួមជាតិតែមួយ និងមានសន្តិភាពពេញលេញជូនជាតិមាតុភូមិ ដែលបានបើកឱកាសឲ្យកម្ពុជាធ្វើការស្ដារនិងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ។»
លោក ជា ចាន់តូ បានថ្លែងយ៉ាងដូច្នេះថា៖«ដោយគុណបុណ្យនៃសន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ប្រជាជនមានជីវភាពរស់នៅសមរម្យនិងរស់នៅប្រកបដោយការលូតលាស់រីកចម្រើននឹងរស់ដោយសុខសាន្តហើយមានជីវភាពធូរធាថែមទៀតផង។»
ទោះជាយ៉ាងនេះក្តី លោក ជា ចាន់តូ លើកឡើងដែរថា ដើម្បីឲ្យប្រទេសជាតិកាន់តែរឹងមាំនិងទទួលបានការរីកចម្រើនថែមទៀតចាំបាច់ត្រូវតែមានការចូលរួមពីវិស័យពុទ្ធចក្រនិងស្ថាប័នព្រះមហាក្សត្រសម្រាប់ជាម្លប់ផងដែរ។
លោកបន្តថាអ្វីដែលសំខាន់ជាងនេះទៀត គឺការធានារក្សាឲ្យបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អាត្រាប្ដូរប្រាក់,ការកសាងហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត ផ្លូវគមនាគមន៍ ទឹក ភ្លើង និងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីធ្វើ
សមាហរណកម្មចូលក្នុងសហគមន៍តំបន់និងពិភពលោកដែលទាំងអស់នេះគឺស្មារតីប្រកបដោយសុទ្ធិនិយមរបស់កម្ពុជាសម្រាប់អនាគត។
នៅក្នុងឱកាសនោះ លោក ជា ចាន់តូ បញ្ជាក់ដែរថា៖«ការកសាងប្រទេសជាតិមួយឬអរិយធ៌មមួយឲ្យរីកចម្រើនរុងរឿងទៅបានក៏ទាមទារឲ្យមានទាំងកាយសម្បទានិងផ្នែកបញ្ញាស្មារតី។ កាយសម្បទារបស់ប្រជាជាតិមួយប្រៀបដូចទៅនឹងផ្នែកអាណាចក្រដែលសំដៅដល់ពលកម្មរបស់ប្រជាជន ការគ្រប់គ្រងរដ្ឋបាល ដោយប្រើចំណេះដឹងនិងជំនាញបច្ចេកទេស ច្បាប់និងហេដ្ឋារចនាសម្ព័ន្ធ សង្គមនិងសេដ្ឋកិច្ច។»
លោកបន្តថា នៅក្នុងបរិបទបច្ចុប្បន្នសាសនាគឺជាធាតុសំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិមួយព្រោះសាសនាបានដើរតួនាទីជាគ្រឹះនៃទស្សនៈវិជ្ជាដ៏រឹងមាំសម្រាប់ភាពរុងរឿងនៃអរិយធ៌មរបស់ប្រជាជាតិ។ ដូច្នេះហើយ វិស័យអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដើម្បីឲ្យសង្គមនិងប្រជាជនរស់នៅប្រកបដោយបញ្ញា ស្មារតី សេចក្ដីសុខ សុចរិតភាពនិងជាប្រយោជន៍ដល់សង្គម
គូសបញ្ជាក់ថា ក្នុងបាឋកថានោះ ក៏មានមន្ត្រីជាន់ខ្ពស់គណៈសង្ឃនិងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលបាននិមន្តនិងអញ្ជើញចូលរួមធ្វើបាឋកថាជូនព្រះសង្ឃ មន្ត្រីរាជការពាក់ព័ន្ធនិងសមណនិស្សិត និស្សិតក្នុងពុទ្ធិកវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបងឲ្យបានបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជាចាប់ពីសតវត្សទី១មកដល់ឆ្នាំ១៩៧០។ វាគ្មិនសំខាន់ៗផ្សេងទៀត រួមមាន៖ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនា, និង លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលធ្វើបឋកថាទាក់ទងទៅនឹងការឆ្លងកាត់ដ៏លំបាកលំបិន ការរុងរឿង និងការធ្លាក់ចុះរបស់ប្រទេសកម្ពុជានារយៈពេលកន្លះសតវត្សកន្លងមកនេះ៕
ដោយ៖CEN