គិតមកត្រឹមថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងបន្ថែមទៀត ដែលសរុបទាំងអស់មានចំនួន ៨ នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។ ហេតុនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅ ឲ្យរួមសាមគ្គីគ្នា អនុវត្តន៍តាមវិធានណែនាំទាំងឡាយរបស់ក្រសួង ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ១៩ ខណៈដែលក្នុងពេលនេះ ជំងឺនេះបាននិងកំពុងឆ្លងចូលសហគមន៍ជាលើកដំបូងហើយ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងសហគមន៍ ដោយបានឆ្លងក្នុងក្រុមគ្រួសារអគ្គនាយកពន្ធធនាគារ ហើយត្រូវបានរកឃើញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ហើយទន្ទឹមនេះផងដែរ រាជរដ្ឋាភិបាលក៏បានសម្រេចបិទផ្សារទំនើបអ៊ីអន១បណ្តោះអាសន្នផងដែរ ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្ត្រី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។
តែទោះយ៉ាងណា កម្ពុជាហាក់មានសុវត្ថិភាពខ្ពស់ បើធៀបទៅនឹងបណ្តាប្រទេសនៅអាស៊ី និងពិភពលោក ព្រោះថា រហូតមកទល់ពេលនេះ គឺគ្មានពលរដ្ឋណាម្នាក់ទាំងខ្មែរ និងបរទេស បានស្លាប់ដោយសារជំងឺកូវីដ១៩ នេះនៅឡើយទេ ក្រោមវិធានការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងគ្រាដ៏លំបាក និងប្រឈមនេះផងដែរ ឃើញថាក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ ក៏បានចេញប្រតិបត្តិការផ្តល់ភាពកក់ក្តៅនៅតាមសហគមន៍ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជារដ្ឋពីជំងឺនេះ ជាពិសេសក្នុងដំណាក់កាលផ្ទុះឡើងជាលើកទី៣នៃជំងឺកូវីដ១៩នេះ ដែលបានរីករាលដាលចូលក្នុងសហគមន៍។
ជាមួយគ្នានេះផងដែរ លោកគ្រូពេទ្យម្នាក់នៅក្រុមការងារផ្អែកសង្គ្រោះបន្ទាន់ ក៏បានបង្ហោះរូបភាពរថយន្តចុះទៅយកបងប្អូនទាំងយប់ យកមកធ្វើតេស្តដោយសា្មរតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់ ដោយភ្ជាប់ជាមួយសារផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លីថា៖ «សូមជនរួមជាតិសំរានដោយស្ងប់ចិត្តចុះ ពួកខ្ញុំនិងតតាំងរហូតដល់ទីបញ្ចប់»។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន ក៏បានសម្តែងនូវការកោតសរសើរ និងជួនពរដល់លោកគ្រូអ្នកគ្រូពេទ្យថា៖ «ជូនពរសំណាងសុវត្តិភាពទាំងអស់គ្នាបងៗ, មើលថែសុខភាពអនាម័យផងបង ជូនពរបងសំណាងល្អ, អរគុណសម្រាប់ការខិតប្រឹងប្រែងរបស់លោកគ្រូ សូមអោយលោកគ្រូមានសុខភាពល្អ, សូមទេវតាតាមថែរក្សាប្រទេសយេីង និងមនុស្សគ្រប់គ្នា, សូមជូនពរឲ្យបងៗ សម្រេចការងារ និងចៀសបានពីការឆ្លងរោគ ពេលបំពេញបេសកកម្ម។ សូមឲ្យបងៗ មានសុខភាពល្អ ស្មារតីរឹងមាំ និងសំណាងល្អ។»៕ ដោយ៖ លឹម ហុង