ក្មេងស្រីម្នាក់អាយុ ៧ ឆ្នាំ នៅក្នុងប្រទេសហ្វីលីពីន ព្រោះតែស្លុតចិត្តខ្លាំងពេក បានស្រែកយំគួរឲ្យអាសូរ ខណៈឃើញអ្នកដឹកជញ្ជូនអាហារកូម្ម៉ង់តាមអនឡាញ Foodpanda ប្រមាណ ៤២ ម៉ូតូ បានមកផ្តុំគ្នាព្រោងព្រាតនៅពីមុខផ្ទះរបស់នាង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
យ៉ាងណាមិញ ហេតុការណ៍ដ៏ហួសចិត្តនេះផងដែរ ក៏ត្រូវបានឡាយផ្ទាល់ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Dann Kayne Suarez ដែលគាត់បានរៀបរាប់ឲ្យដឹងថា ក្មេងស្រីម្នាក់បានព្យាយាមធ្វើការបញ្ចាទិញមាន់២ប្រអប់ សម្រាប់ខ្លួនឯងនាង និងជីដូនរបស់នាង ដោយនាងតែតែធ្វើរបៀបនេះជារឿយៗ ខណៈឪពុកម្តាយរបស់នាងចាកចេញទៅធ្វើការ ដែលពួកគេក៏បានបង្រៀនកូនស្រីអំពីរបៀបប្រើប្រាស់ការបញ្ជាទិញតាមរយៈ App ផងដែរ។
ប៉ុន្តែ នៅថ្ងៃនោះ ខណៈនាងកំពុងធ្វើការបញ្ជាទិញ ក៏ស្រាប់តែសេវាអ៊ិនធើរណែតមហាសែនយឺត ហើយកម្មវិធីអេប Foodpanda ក៏មិនប្រក្រតីទៀត ជាហេតុធ្វើឲ្យការបញ្ជាទិញរបស់នាងកើតមានកំហុស បណ្តាលឲ្យលោតស្ទួនៗតែម្តង។ តែយ៉ាងណា ប្រមាណជាង ៤០ នាទី ក្រោយមក នាងក៏អាចធ្វើការបញ្ជាទិញដោយជោគជ័យ ប៉ុន្តែ នាងពុំបានដឹងថា ការបញ្ជាមុនៗ បានលោតឡើងទាំងអស់នោះទេ។
ពិតមែនហើយ អ្វីដែលយើងគ្រប់គ្នានឹកស្មានមិនដល់នោះ គឺថាមួយសន្ទុះក្រោយមក ស្រាប់តែលេចវត្តមានក្រុមអ្នកដឹកម្ហូបអាហារ Foodpanda មកផ្តុំគ្នានៅពីមុខផ្ទះក្មេងស្រីនោះ ដែលបង្កឲ្យអ្នកភូមិមកចោមរោមមើលព្រោងព្រាត ជាមួយការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំងតែម្តង។
គួរបញ្ជាក់ថា សាច់មាន់មួយកញ្ចប់មានតម្លៃត្រឹមតែ ១៨៩ ប៉េសូ (ស្មើនឹង ៥.៣០ ដុល្លារ) ហេតុនេះ នាងនឹងត្រូវចំណាយលុយ ៧.៩៣៨ ប៉េសូ សម្រាប់បរិមាណដែលបានចែកចាយ។ ប៉ុន្តែ ក្មេងស្រីនោះមានប្រាក់គ្រប់គ្រាន់សម្រាប់ការបញ្ជាទិញតែមួយប៉ុណ្ណោះ។
លោក Suarez ក៏បានប្រាប់កាសែត SunStar ថា៖ «ខ្ញុំពិតជាអាណិតក្មេងស្រីនេះណាស់ ព្រោះនាងមិនបានដឹងនូវអ្វីដែលបានកើតឡើង»។
តែទោះយ៉ាងណា ដោយក្តីអាណិតដល់នាង អ្នកភូមិក៏បាននាំគ្នាជួយទិញអស់ច្រើនកញ្ចប់ផងដែរ ខណៈអ្នកដឹកជញ្ជូនមួយចំនួនទៀត បានចាកចេញទៅវិញ ដោយពុំបានទទួលយកការទូទាត់ពីការបញ្ជាទិញដែលបាន Error លោតឡើងបន្តបន្ទាប់នោះទេ៕ ដោយ៖ លឹម ហុង