ស្ទឹងត្រែង៖ សមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង ហាក់មើលមិនឃើញទីតាំងល្បែងស៊ីសងភ្នាល់ដាក់លុយ ទ្រង់ទ្រាយធំរាប់លានរៀល មានជល់មាន់ អាប៉ោងជាដើម។ ទីតាំងល្បែងដ៏ធំមួយនោះ ស្ថិតនៅចំណុច ចំការស្វាយចន្ទីភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
សង្វៀនជល់មាន់និងអាប៉ោងនេះ បើកលេងជារៀងរាល់ថ្ងៃ ដោយមិនដឹងថាមានខ្នងធំប៉ុណ្ណាទេ ទើបសមត្ថកិច្ចក្នុងខេត្តនេះមិនហ៊ានប៉ះពាល់។
គេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន ជិះម៉ូតូស្ពាយកន្ត្រកមាន់ ចូលទៅលេងយ៉ាងកុះករស្រែកហ៊ោកញ្ជ្រៀវ។ ចំណែកអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ហាក់ដូចជាមើលរំលង ឬក៏ទុកជាឆ្នាំងបាយទើបមិនហ៊ានចុះបង្ក្រាប។
ប្រភពមួយបានទម្លាយឲ្យដឹងថា ម្ចាស់វង់ល្បែងស៊ីសងបានរត់ការសូកប៉ាន់ ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នអស់ ហើយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្ត។ គេលេងភ្នាល់គ្នាក្នុង១គូៗ រហូតដល់រាប់លានរៀលឯណោះ។
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្តស្ទឹងត្រែង និងមានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែងនោះ៕ ដោយ៖សុខុម