នេះជាខណៈពេលដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង នៅពេលដែលបានឃើញស្ត្រីម្នាក់ បានធ្វើរឿងដ៏ចម្លែកដោយយកស្ករកៅស៊ូ ស្ករគ្រាប់ ទៅបិទភ្ជាប់សក់ស្ត្រីម្នាក់ដែលអង្គុយកៅអីខាងមុខខ្លួន និងសូម្បីយកកន្ត្រៃកាត់សក់ថែមទៀតផង ខណៈពួកគេកំពុងស្ថិតនៅលើយន្តហោះដែលកំពុងធ្វើការហោះហើរ។
ប៉ុន្តែ បើតាមរយៈវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា ស្ត្រីអ្នកដំណើរម្នាក់ដែលអង្គុយកៅអីខាងមុខ តែងតែទម្លាក់សក់របស់នាងមកខាងក្រោយកៅអីរបស់ខ្លួន ដែលជាហេតុធ្វើឲ្យស្ត្រីអង្គុយក្រោយផ្ទុះកំហឹង ក៏សម្រេចប្រើធម៌ក្តៅដោយផ្ទាល់ដៃ តាមរយៈយកស្ករកៅស៊ូទៅបិទភ្ជាប់នឹងសក់ដ៏រញ៉េរញ៉ៃរបស់ស្ត្រីនោះតែម្តង។ ហើយខណៈពេលនោះ គេក៏បានឃើញស្ត្រីអ្នកបម្រើលើយន្តហោះម្នាក់ បានដើរឆ្លងកាត់ ក្រឡេកឃើញសកម្មភាពនេះផងដែរ ប៉ុន្តែ នាងពុំចាប់អារម្មណ៍នោះទេ។
ដោយសារតែពុំមានការរំខាន ស្ត្រីអង្គុយខាងក្រោយ ក៏បានបន្តសកម្មភាពយកកន្ត្រៃច្រឹបចុងសក់ជាបន្តបន្ទាប់ រួចយកស្ករគ្រាប់ទៅបិទភ្ជាប់បន្ថែម និងព្រមទាំងយកកែវកាហ្វេជ្រលក់កន្លែងពូតផ្តុំស្ករកៅស៊ូទៀតផង។ តែទោះយ៉ាងណ មួយសន្ទុះក្រោយមក ស្ត្រីអង្គុយខាងមុខហាក់បានដឹង និងងើបដើរទៅកាន់បន្ទប់ទឹកដោយស្ងប់កំហឹង បន្ទាប់អ្នកទាំងពីរបានប៉ះគ្នាមួយប្រាវ តាមរយៈបោះគ្រវែងសក់រំលងកៅអីទៅវិញទៅមក។
សូមបញ្ជាក់ថា ភាពតានតឹងរវាងស្ត្រីអ្នកដំណើរទាំងពីរបានកើតឡើង ត្រូវបានគេជឿថា គឺផ្តើមចេញបន្ទាប់ពីស្ត្រីអង្គុយកៅអីខាងមុខ បានព្យាយាមទម្លាក់សក់ដ៏វែងរញ៉េរញ៉ៃរបស់នាង រារាំងការទស្សនាទូរទស្សន៍របស់ស្ត្រីអង្គុយខាងក្រោយ។
យ៉ាងណាមិញ ក្រោយវីដេអូនៃហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានបង្ហោះឡើងលើបណ្តាញសង្គម Tik Tok កាលពីថ្ងៃសុក្រ ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្តង ដែលមានអ្នកទស្សនារហូតរាប់ ១០០ លានដង។ តែយ៉ាងណា មនុស្សជាច្រើនបានជឿថា វីដេអូនេះគឺគ្រាន់តែជាការសម្តែងដើម្បីទទួលការចាប់អារម្មណ៍ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង