Ho Huu Hanh បើទោះជាកើតមកគ្មានដៃទាំងពីរក៏ពិតមែន ប៉ុន្តែ រូបគេមានការតស៊ូជំនះមិនចុះចាញ់នឹងវាសនាកម្មនេះទេ ដោយខិតខំរៀនក្លាយជាសិស្សពូកែនៅសាលា ហើយក៏កំពុងចាប់ផ្តើមអនាគតដ៏ភ្លឺស្វាងផងដែរ។
ជាការពិតណាស់ យុវជនអាយុ ២០ ឆ្នាំ រូបនេះ ដែលមកពីខេត្ត Dong Nai ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ត្រូវបានគេទទួលយកឲ្យចូលរៀននៅសកលវិទ្យាល័យ Lac Hong ជាកន្លែងដែលរូបគេត្រូវបានកំណត់ឲ្យសិក្សាផ្នែកវិស្វកម្មបច្ចេកវិទ្យាលព័ត៌មាន។ នេះបើតាមសារព័ត៌មាន Phu Nu Online រាយការណ៍ឲ្យដឹង។
ម្តាយរបស់ Hanh បានចែករំលែកឲ្យដឹងថា កូនប្រុសរបស់គាត់ ត្រូវយកទៅពេទ្យច្រើនលើក បន្ទាប់ពីបានជួបគ្រោះថ្នាក់ ខណៈព្យាយាមរៀនជិះកង់។ តែទោះយ៉ាងណា Hanh បានព្យាយាមតស៊ូរហូតអាចជិះកង់ និងហែលទឹកបានយ៉ាងល្អ នៅអាយុ ៥ ឆ្នាំ។ Hanh បានហាត់ប្រើជើង ដើម្បីចាប់ចង្កឹះដើម្បីបរិភោគអាហារ និងសរសេរអក្សរ ហើយអាចធ្វើបានយ៉ាងល្អនៅឯសាលារៀន។
លើសពីនេះ Hanh ក៏អាចប្រើម្រាមជើងគូររូប វាយកុំព្យូទ័រ និងអាចធ្វើកិច្ចការងារផ្សេងៗបានជាច្រើនទៀតផងដែរ។ នៅថ្នាក់ទី២ រូបគេបានឈ្នះរង្វាន់សម្រាប់ការសរសេរយ៉ាងល្អ ហើយបន្តទទួលបានពិន្ទុខ្ពស់ទៀតផង។
កាលនៅពីតូច Hanh ត្រូវបានមិត្តរួមថ្នាក់ និងគ្រូៗ តែងបង្អាប់ប្រដូចទៅនឹងសត្វសមុទ្រ «ភេនឃ្វីន (penguin)»។ តែយ៉ាងណា នៅពេលនេះ Hanh ក៏បានធ្វើឲ្យអ្នកអស់ទាំងនោះបានដឹងថា «ភេនឃ្វីន» ក៏អាចហោះហើរបានដែរ។
Hanh សង្ឃឹមថានឹងធ្វើការនៅ Google នៅថ្ងៃណាមួយ ដែលជាក្តីសុបិន្តរបស់ខ្លួន បន្ទាប់ពីបានហោះហើរទៅកាន់ប្រទេសសិង្ហបុរី កាលពីឆ្នាំមុន ដើម្បីជួបជាមួយនាយកប្រចាំតំបន់របស់ក្រុមហ៊ុននេះ ដែលទទួលបន្ទុកសម្រាប់ប្រទេសវៀតណាម ឡាវ និងកម្ពុជា។
ជាមួយនឹងការប្តេជ្ញាចិត្តនេះ ឃើញថាមានមហាជនជាច្រើនបានគាំទ្រ និងក៏សង្ឃឹមថា Hanh នឹងអាចសម្រេចបានក្តីស្រម៉ៃនេះនៅថ្ងៃអនាគត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង