ក្មេងៗគឺជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ និងក៏ដូចសង្គមគ្រួសារទាំងមូល ប៉ុន្តែបើទំពាំងស្អុយសួរថាតើអនាគតនឹងទៅជាយ៉ាងណា? ការលើកឡើងបែបនេះ គឺស្របពេលដែលសម័យនេះ បច្ចេកវិទ្យាកាន់តែទំនើប ហេតុនេះមិនថាយុវវ័យ និងសូម្បីកុមារ ក៏មានទូរស័ព្ទប្រើដែរ ដែលធ្វើឲ្យអាណាព្យាបាលគ្រប់ៗរូបមានការលំបាកជាខ្លាំង ក្នុងការរារាំងពួកគេពីការមើលទូរស័ព្ទ។
ពិតមែនហើយ ទូរស័ព្ទនាសម័យដ៏ទំនើបនេះ ក្រៅពីផ្តល់សម្រាប់ទំនាក់ទំនងគ្នាយ៉ាងល្អប្រើសើរបំផុត គឺបានផ្តល់ផលប្រយោជន៍ជាច្រើនទៀត ក្នុងនោះដូចជាការរៀនសូត្រតាមអនឡាញជាដើម។ ប៉ុន្តែ ទោះយ៉ាងណា ការមើលទូរស័ព្ទ ជាពិសេសក្មេងៗ គឺត្រូវបានអ្នកនាញការសុខភាពធ្វើការព្រមាន មិនឲ្យមើលនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ភ្នែក និងខួរក្បាលពួកគេដែលខ្ចី។ លើសពីនេះ ក្មេងៗដែលញៀនមើលទូរស័ព្ទដោយឥតប្រយោជន៍ដូចជាលេងហ្គេម ឬ មើលតុក្តកា ជាដើម ក៏ធ្វើឲ្យពួកគេលែងយកចិត្តទុកនឹងការរៀនសូត្រ ដែលសូម្បីតែគ្រូក៏លែងយកត្រចៀកស្តាប់ដែរ។
តែទោះយ៉ាងណា ថ្មីៗនេះ មហាជនពិតមានការភ្ញាក់ផ្អើល និងសារទរជាខ្លាំង ក្រោយពីបានឃើញអ្នកគ្រូបង្រៀនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុម៉ា និច បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីការដាក់វិន័យទៅដល់កូនសិស្សទាំងប្រុសនិងស្រី ដែលបានប្រព្រឹត្តខុសប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលសិក្សា តាមរយៈការដកហូតទូរស័ព្ទ និងបន្ទាប់មកហៅមកឲ្យឈរនៅក្តារខៀន កាន់ទូរស័ព្ទបង្ហាញពីកំហុសខ្លួន មុនអនុញ្ញាតឲ្យទៅអង្គុយតុវិញ។
ជាមួយនឹងទង្វើដ៏ហួសចិត្តនេះផងដែរ អ្នកគ្រូខាងលើក៏បានភ្ជាប់សាររៀបរាប់ថា៖ «អ្នកគ្រូខំពន្យល់ចង់បែកបំពង់ក តែកូនៗនាំគ្នាលួចមើលទូរស័ព្ទ(កំហុសគ្រូ ឬឪពុកម្ដាយ) ហួសចិត្»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង