ស្ទឹងត្រែង ៖ គួរឲ្យអាសូរណាស់ក្មេងប្រុសម្នាក់ បានវាធ្លាក់ចូលឆ្នាំងបបរតាំងពីនៅអាយុ 5 ទៅ6ខែម្ល៉េះ។ ឥឡូវនេះក្មេងប្រុសនោះ មានអាយុជាង 2 ខួបហើយ ក៏ប៉ុន្តែបានពិការមួយកំណាត់ក្រោម ពិបាកក្នុងការរស់នៅ។
គ្រួសារខ្វះខាតនោះ រស់នៅលើតំបន់ដីកោះដាច់ស្រយាល ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកក្មេងនោះឈ្មោះលិប វាសនា ម្ដាយឈ្មោះសារឿន តូច មានកូនចំនួន2នាក់ គឺស្រីម្នាក់ ប្រុសម្នាក់។ កូនស្រី គឺជាកូនច្បង រីឯក្មេងដែលរលាកទឹកបបរពិការ គឺជាកូនប្រុសពៅ។
លោកសៃ វាសនា គឺជាគ្រូពេទ្យកំពុងបម្រើការងារ នៅមណ្ឌលសុខភាពព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សព្វថ្ងៃបានប្រាប់ឲ្យដឹងថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2020ថា ពីដំបូងឡើយ ក្រុមគ្រូពេទ្យបានចុះតាមមូលដ្ឋាន ដើម្បីផ្ដល់សេវាថ្នាំបង្ការតាមភូមិឆ្ងាយដាច់ស្រយាល ហើយបានធ្វើដំណើរដែលមានចម្ងាយប្រមាណជា 30 គីឡូម៉ែត្រ តាមផ្លូវទឹកទៅដល់ភូមិកោះហិប ក៏បានជួបគ្រួសារក្រីក្រមួយ ដែលមានកូនតូចពិការភាព ដោយសារធ្លាក់ចូលឆ្នាំងបបរ។
ពេលនោះគ្រូពេទ្យវាសនា ពិតជាអាណិតក្មេងប្រុសនោះខ្លាំងណាស់ ដោយសារតែការរស់នៅរបស់ក្មេងពិបាកជាងក្មេងដទៃទៀត នៅក្នុងភូមិ។ ក្មេងនោះកើតនៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2018 ហើយបានធ្លាក់ចូលឆ្នាំងបបរ ខណៈពេលម្ដាយកំពុងតែសម្រាន្តនៅលើផ្ទះតូចមួយ។ កាលនោះ ក្មេងទើបតែមានអាយុ 5 ទៅ 6 ខែប៉ុណ្ណោះ ដែលចេះវាតិចតួចហើយបានធ្លាក់ចូលឆ្នាំងបបររហូតពិការ។ ឥឡូវនេះក្មេងប្រុសនោះ មានអាយុជាង 2 ខួបទៅហើយ ប៉ុន្តែពិតជាពិបាកគួរឱ្យអាណិតណាស់។
លោកគ្រូពេទ្យបានបញ្ជាក់ទៀតថា បើសិនជាចង់ជួបក្មេងនោះ ទាល់តែធ្វើដំណើរដោយផ្ទាល់ទើបបាន។ ពីព្រោះថាពីទីប្រជុំជនទៅកោះហិប មិនមានសេវាទូរស័ព្ទទំនាក់ទំនងគ្រប់គ្រាន់ឡើយ។
អ្នករស់នៅក្នុងភូមិសុំអង្វរ ដល់សប្បុរសជនជួយដល់ក្មេងប្រុសនោះផង ក្រែងមានសង្ឃឹមព្យាបាលដល់ក្មេងនោះ អាចមានលក្ខណៈប្រសើរបាន ដូចក្មេងដទៃទៀត៕ រក្សាសិទ្ធិដោយ៖សុខុម