តាមរយៈការគណនីហ្វេសប៊ុកឈ្មោះ Thanakorn Janplang (ថាណាខន ចានផ្លាង) បានបង្ហោះនូវរឿងរ៉ាវដ៏រំជួលចិត្តមួយ បង្ហាញរូបភាពបុរសម្នាក់ដេកនៅលើចិញ្ចើមផ្លូវច្រមុះជ្រូក នៃផ្លូវប្រសព្វមួយកន្លែងនៅក្នុងប្រទេសថៃ ដោយនៅក្បាលដំណេករបស់គាត់ដាក់តាំងរូបថតប្រពន្ធ និងស្លាកសរសេរថា៖ «ប្រពន្ធរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានបុក ស្លាប់អស់រយៈពេល២ខែមកហើយ ប៉ុន្តែ គ្មានភាគីណាទទួលខុសត្រូវសោះឡើយ សូម្បីតែផ្តល់លុយរបស់ធ្វើបុណ្យសពក៏គ្មានដែរ»។ ហេតុនេះ គាត់ធ្វើបែបនេះ គឺដើម្បីទាមទារយុត្តិធម៌ជូនប្រពន្ធរបស់គាត់។
បុរសរូបនេះមានឈ្មោះ ឆូកឆៃ អាយុ ៣៦ ឆ្នាំ បានប្រាប់ឲ្យដឹងថា ពីមុនគាត់ជាជាងភ្លើង ប៉ុន្តែ ឥឡូវនេះ គាត់គ្មានការងារធ្វើនោះទេ ដោយបញ្ហា Covid-19។ គាត់បន្តថា នៅថ្ងៃកើតហេតុទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ កូនប្រុសបានជិះម៉ូតូឌុបប្រពន្ធរបស់គាត់ទៅធ្វើការនៅហាងមួយក្បែរផ្លូវប្រសប់ឡាដប្រាវ ។ តែជាអកុសល ខណៈពួកគេកំពុងធ្វើដំណើរសុខៗ ស្រាប់តែឡានក្រុង១គ្រឿងបើកមកពីក្រោយបុកពួកគេយ៉ាងពេញទំហឹង ហើយបន្តកិនផ្តាច់ជីវិតប្រពន្ធរបស់គាត់នៅនឹងកន្លែងតែម្តង។
ក្រោយហេតុការណ៍នេះបានកើតឡើង លោក ឆូកឆៃ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ផាហូយូស៊ីន ដែលបានហៅភាគីបង្កមកសួរនាំផងដែរ។ នៅពេលនោះ ប៉ូលិសក៏បានឲ្យគាត់រៀបចំបុណ្យសពប្រពន្ធសិនទៅ ហើយគាត់ក៏បានដឹកសពប្រពន្ធយកទៅធ្វើបុណ្យនៅស្រុកកំណើតនៃខេត្ត រ៉យអ៊ីត ខណៈអ្នកបើកបរឡានក្រុងបង្កក៏បានទៅចូលរួម និងសុំការអភ័យទោសចំពោះហេតុការណ៍ដែលបានកើតឡើង។ ប៉ុន្តែ បញ្ហានេះក្រោយមកស្រាប់តែស្ងាត់ឈឹងតែម្តង ដោយគ្មានការទទួលខុសត្រូវពីភាគីបង្កឡើយ ខណៈប៉ូលិសដែលបានទទួលយករឿងនេះ បែរជានិយាយថាមិនអាចធ្វើទៅរួច។
លោក ឆូកឆៃ បន្តថា ដោយសារតែគាត់ក្រ ហើយគ្មានអ្នកទីពឹង ហេតុនេះ គាត់ក៏បានសម្រេចចិត្តមកដេកនៅលើចិញ្ចើមផ្លូវបែបនេះ ដើម្បីទាមទារយុត្តិធម៌ជូនប្រពន្ធរបស់គាត់ ចាប់ពីម៉ោង ៦ ល្ងាច កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
តែយ៉ាងណា ប៉ូលិសនៅទីនោះ ដោយសារតែមានការព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ ពួកគេក៏បាននាំគាត់ទៅកាន់ប៉ុស្តិ៍ទាំងយប់ ដើម្បីសួរនាំព័ត៌មានលម្អិត និងធ្វើការស៊ើបអង្កេតលើបណ្តឹងរបស់លោក ដើម្បីឲ្យភាគីពាក់ព័ន្ធក្នុងករណីនេះដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង