Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាព ជាស្ត្រីចំនួន៤១៩នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប

ភ្នំពេញៈ នៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រី ក្នុងការកសាងនិងរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីចំនួន៤១៩នាក់ ក្នុងចំណោមកងរក្សាសន្តិភាពសរុបចំនួន ៧.១២៣ នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន ៩។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា ឆ្នាំនេះ ស្ត្រីចំនួន៩២នាក់ ក្នុងចំណោមកងរក្សាសន្តិភាពកម្ពុជាចំនួន៧៨១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រាំប្រទេស។ បច្ចុប្បន្ន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងជាប់ចំណាត់ថ្នាក់លេខ១៧ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រី ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា លើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ១៣២៥ និងលេខ១៨៨៩ ក៏ដូចជា ការអនុវត្តតាមរបាយការណ៍ប្រចាំឆ្នាំ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ លោកជឿជាក់ថា រដ្ឋសមាជិកគួរតែយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះស្ថានភាពរបស់ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងការកើនឡើងនូវអំពើហិង្សា និងសេចក្តីលំបាកវេទនាផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ ជំរុញការទទួលស្គាល់ស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គម និងកម្លាំងដែលមិនអាចខ្វះបានសម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ពង្រឹងបទដ្ឋានអន្តរជាតិដែលអាចឱ្យស្ត្រីអនុវត្តសិទ្ធិដោយស្មើភាព និងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងបញ្ជ្រាបបទដ្ឋានទាំងនោះនៅថ្នាក់ជាតិ។ បង្កើនកិច្ចប្រឹងប្រែងក្នុងការលុបបំបាត់ ការរើសអើងផ្អែកលើយេនឌ័រ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការសម្រេចផ្នែកគោលនយោបាយ៕រក្សាសិទ្ធិដោយ៖CEN

×