ភ្នំពេញ៖សម្តេចតេជោ មានបំណងចាក់វ៉ាក់សាំង ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយ ចំនួន១លានដូស សម្រាប់ចាក់ជូន៥០មុឺននាក់ ខណៈពេលមកទល់នឹងព្រលប់ថ្ងៃអង្គារទី៨ធ្នូនេះ ថវិកាដែលសប្បុរសជន ចូលតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសារនាព្រលប់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ យ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជា យើងមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាព របស់ប្រជាជនដ៏រឹងមាំ។
មកដល់ពេលនេះ ថវិកាដែលសប្បុរសជន ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លា មានប្រមាណជាង៣០លានដុល្លារ។
ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី ២ទៀត នៅធនាគារអេសុីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។
សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់ តាមរយៈលេខគណនីខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណា ខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និងតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយចំនួន១លានដូស សម្រាប់ចាក់ជូន៥០មុឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបាន ក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ