Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ព្រួយបារម្ភ​រថយន្ត​ធុន​ធំ​ដឹកជញ្ជូន​ដំឡូង​មី​ផ្ទុក​លើស​ទម្ងន់ បើក​ឆ្លងកាត់​ស្ពានឈើ​មួយកន្លែង អាជ្ញាធរ​មើលរំលង​

​សឹ្ទ​ង​ត្រែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃំុ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​មានការ​ព្រួយបារម្ភ​ដោយ​មើលឃើញថា​មាន​រថយន្ត​ខ្នាត​ធំ​ដឹកជញ្ជូន​ដំឡូង​មី​ស្រស់​ឆ្លងកាត់​ស្ពានឈើ​មួយកន្លែង​ជា​រៀងរាល់ថ្ងៃ​។​

ដោយ​រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​ហួស​ពី​ទម្រ​ស្ពានឈើ​ដែល​សាងសង់​នៅក្នុង​ឃុំ​។ ក្រៅពី​ស្ពានឈើ​មួយ​នោះ​ក៏​នៅមាន​ស្ពានឈើ​មួយទៀត​បាក់ស្រុត​ហើយ​ជួសជុល​ស្ទើរ​រាល់​ឆ្នាំ​។​

បើ​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​រថយន្ត​ដឹកជញ្ជូន​ដំឡូង​មី​ផ្ទុក​លើស​ទម្ងន់ ឆ្លងកាត់​មិនមាន​ដាក់​របា ឬ​ហាម​ឆ្លងកាត់​ទេនោះ​វា​នឹង​អាចធ្វើឱ្យ​ស្ពាន​បាក់ស្រុត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ជាពុំខាន​។​

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា​ស្ពានឈើ​តូចធំ​មួយចំនួន​នៅក្នុង​ឃុំ​ចំការលើ នៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ពេល​មាន​រថយន្ត​ដឹក​ធ្ងន់​បើក​ឆ្លងកាត់​ធ្វើ​ឲ្យ​ញ័រ​រញ្ជួយ ដែល​អាច​ឈានដល់​ការខូចខាត​ឬ​អាច​នឹង​បាក់ស្រុត​។​ថែមទាំង​ធ្វើ​ឲ្យ​ផ្លូវ​ប្រព័ន្ធ​លូ​រង​ការខូចខាត​ជាច្រើន​កន្លែង​។​

គេ​សង្កេតឃើញ​មានការ​ជួសជុល​រាល់​ឆ្នាំ​ដោយសារតែ​ការខូចខាត​ស្ពាន​ដែល​បណ្ដាលមកពី​រថយន្ត​ធំៗ​ដឹក​ឆ្លងកាត់​ផ្លូវ​ក្នុង​ឃុំ​ចំការលើ​។​

ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​លោក​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាត់វិធានការ​ទប់ស្កាត់​រថយន្ត​ប្រភេទ​ធ្ងន់​បើក​ឆ្លងកាត់​ភូមិសាស្ត្រ​ផ្លូវ​លូ​ស្ពាន​ឃុំ​ចំការលើ​ផង​។

បើ​ពុំនោះ​ទេវា​នឹង​អាចធ្វើ​ឲ្យ​ខូច​ផ្លូវ​ខូច​ប្រព័ន្ធ​លូ​បាក់ស្រុត​ស្ពាន​នាំ​ឲ្យ​ខាតបង់​ប្រាក់​ជាពុំខាន​ឡើយ​។ ប្រជាពលរដ្ឋ​ដែល​រស់​ក្បែរ​ស្ពាន​បាន​បញ្ជាក់ថា ស្ពានឈើ​មួយចំនួន​ជា​ថវិកា​ឃុំ និង​សប្បុរសជន​ព្រមទាំង​អ្នកភូមិ​អ្នកស្រុក បាន​ចូលរួម​បដិភាគ​គ្នា​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​កសាង​ស្ពានឈើ​នេះ សម្រាប់​ការធ្វើដំណើរ និង​ជញ្ជូន​ផលដំណាំ​ផ្សេងៗ តាម​គោយន្ត​តូចៗ​ប៉ុណ្ណោះ​។ តែ​ឈ្មួញ​ដែល​ទៅ​ប្រមូល​ទិញ​ដំឡូង​មី​ដឹកជញ្ជូន​រថយន្ត​ធុន​ធំ​ទៅធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​លូ​និង​ស្ពាន​។ បើ​មិនមាន​វិធានការ​ទប់ស្កាត់​កាត់ នៅតែ​បណ្តែតបណ្តោយ​បន្តទៀត មិនយូរ​ទេ​ស្ពានឈើ​ទាំងនោះ និង​បាក់ស្រុត​រង​ការខូចខាត​អស់​ជាក់​ជាពុំខាន​។​

លោក​ព្រះ ហែម មេឃុំ​ចំការលើ បាន​ប្រាប់​ឲ្យ​ដឹងថា បញ្ហា​រថយន្ត​ដឹកជញ្ជូន​ដំឡូង​មី​ធុន​ធំ បើកបរ​ឆ្លងកាត់​លើ​ស្ពានឈើ​របស់​ឃុំ លោក​នឹង​កោះហៅ​មេភូមិ និង​រដ្ឋបាល​ប៉ុស្តិ៍​ប្រជុំ​ដើម្បី​ទប់ស្កាត់​រឿងនេះ​។​

លោក​មេឃុំ​ចំការលើ បានបញ្ជាក់​ប្រាប់ទៀតថា អាជ្ញា​ធរមាន​គម្រោង​រៀបចំ​ធ្វើ​ក្លោងទ្វារ​នៅតាម​ក្បាលស្ពាន​នីមួយៗ​ដើម្បី​កុំ​ឲ្យ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណ​:​បច្ចេកទេស​ដឹកជញ្ជូន​ដំឡូង​មី​ឆ្លងកាត់​លើ​ស្ពាន​បាន ៕​រក្សា​សិទ្ធិ​ដោយ ៖​សុខុម​

×