ភ្នំពេញៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំពោះអ្នកដែលមានដីការបស់តុលាការ ពោលគឺបើមានដីកាចាប់ខ្លួន គឺចាប់ខ្លួន ហើយចំពោះអ្នកដែលមិនមានដីកាគឺសមត្ថកិច្ចមិនធ្វើអ្វីនោះទេ និងឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសគ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅដើមខែមករា ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺអ្នកដែលមានដីការបស់តុលាការ សមត្ថកិច្ចនឹងអនុវត្តតាមដីការបស់តុលាការ ហើយអ្នកដែលមិនមានដីការបស់តុលាការទេ គឺត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា “អ្នកដែលមានដីការបស់តុលាការ យើងត្រូវអនុវត្តតាមដីការបស់តុលាដីកា ហើយបើអ្នកណាគ្មានដីកាទេ ត្រូវសម្រាកធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ”។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា អតីតថ្នាក់ដឹកនាំ និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការក្រុងភ្នំពេញ ហើយដែលនៅក្រៅប្រទេស ត្រូវវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ លោកស្រី មូរ សុខហួរ នឹងដឹកនាំការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា នេះគឺជាការប្រកាសវិលចូលស្រុកជាលើកទី២ បន្ទាប់ពីការប្រកាសវិលចូលស្រុលលើកទី១ របស់លោកសម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបរាជ័យ៕រក្សាសិទ្ធិដោយ៖CEN