ស្ទឹងត្រែង ៖ ទីតាំងសិប្បកម្មឈើទ្រង់ទ្រាយធំចំនួន២ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ ក្រៅពីសកម្មទាំងពីរនោះ ក៏មានសិប្បកម្មតូចៗជាច្រើនកន្លែងផ្សេងទៀត។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ គេឃើញសិប្បកម្មធំមួយ នៅក្នុងភូមិឆ្វាំង ឃុំសំអាង និងចំណុចស្ពានទី ៨ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ។ សិប្បកម្មទាំងពីរនោះ ត្រូវបានគេឲ្យដឹងថា ដាក់កម្លាំងកម្មករជាច្រើននាក់ ដំឡើងរណារយន្ត អាជ្រៀកកែច្នៃឈើ រួចដឹកចេញដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។ សកម្មភាពនោះធ្វើទាំងយប់ទាំងថ្ងៃដោយមិនខ្លាចញញើតសមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ។
លោកអឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិល និងអន្លង់ជ្រៃ ដែលគ្រប់គ្រងតំបន់នោះ និងលោកវ៉ា សុខានាយផ្នែករដ្ឋបាលព្រៃឈើ ប្រចាំស្រុកថាឡាបរិវ៉ាត់ មិនបានបកស្រាយជាមួយអ្នកសារព័ត៌មានទេ ពីព្រោះថាទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួល។ តែនាយផ្នែករដ្ឋបាលព្រៃឈើរូបនេះ ចូលចិត្តផឹកស៊ីជាមួយឈ្មួញណាស់។ រឿងអីដែលជំនាញរដ្ឋបាលព្រៃឈើចុះបង្ក្រាប។ កន្លងមក គេតែងឃើញសមត្ថកិច្ចបង្ក្រាប រួចហៅជំនាញរដ្ឋបាលព្រៃឈើម កទទួលយកភស្តុតាងតែប៉ុណ្ណោះ។
ប្រភពដោយឡែកមួយបានបង្ហើបឲ្យដឹងថា សិប្បកម្មធំៗចំនួនពីរ ទី ១ ឈ្មោះស៊ីន នៅភូមិឆ្វាំង ឃុំសំអាង និងទី ២ ឈ្មោះញ៉ា នៅចំណុចស្ពានទី ៨ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ។ ម្ចាស់សិប្បកម្មទាំងពីរខាងលើនេះ បាននិយាយអួតអាងថា គ្មានអ្នកណាហ៊ានចុះបង្ក្រាបទេព្រោះទទួលផលអស់ហើយ។ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងតំបន់នោះតែម្តង៕ រក្សាសិទ្ធិដោយ៖សុខុម