ស្ទឹងត្រែង ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង នឹងបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅតុលាការ នៅរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ នេះ។
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលវរការពារព្រំដែនលេខ 701 ឃាត់ខ្លួនពេលចុះល្បាត តាមផ្លូវទឹកនៅតំបន់ព្រំដែន។ លុះពេលឃើញបុរសម្នាក់ គួរឲ្យសង្ស័យក៏ចូលទៅសួរ ប៉ុន្តែជនសង្ស័យរូបនោះ បានបោះថ្នាំញៀន ទៅក្នុងទឹកហើយរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បាន។
ប្រតិបត្តិការនោះធ្វើឡើងនៅចំណុចភូមិសាស្ត្រ ភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញថ្នាំញៀនចំនួន ៣ កញ្ចប់ធំ រួមទាំងទូកមួយគ្រឿង ត្រូវបានបញ្ជូនជនសង្ស័យ មកកាន់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។
លោកចែម ផានិត ប្រធានការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលបង្ក្រាបបានឈ្មោះរុំ គុណ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅធំកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
លោកបានបញ្ជាក់ថា សមត្ថកិច្ចបានឆែកឆេរឃើញវត្ថុតាងគ្រឿងញៀន ៣ កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន wy គ្រាប់មានទម្ងន់៦០,៩៥ក្រាម។
ជនសង្ស័យ រួមនឹងគ្រឿងញៀន នគរបាលជំនាញកំពុងសាកសួរ ក្រុងនឹងបញ្ជូនសំណុំរឿង ទៅតុលាការ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ 2020៕ រក្សាសិទ្ធិដោយ៖សំ.ណាង