ភ្នំពេញ ៖ ការសម្រេចនេះបានធ្វើឡើងដោយលោក ហម ម៉េងសែ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០នេះ តាមរយៈសវនាការមុនអង្គសេចក្ដី តុលាការបានសម្រេចដោះលែងបន្ទាន់យុវសិស្សឈ្មោះ នី លីស៊ាង អាយុ១៥ឆ្នាំ ជាសិស្សសាលាAIS អោយនៅក្រៅឃុំ ដែលជាប់ចោទពីបទ.ឃាតកម្ម ពាក់ព័ន្ធការវាយគូរទំនាស់មួយស្លាប់ ។
តុលាការបានបញ្ជាក់ថាការសម្រេចដោះលែងនេះតុលាការបានភ្ជាប់ជាមួយលក្ខណ៣ចំណុចគឺទី១.ឪពុកម្ដាយជនជាប់ចោទត្រូវនាំកូនមកបង្ហាញតុលាការពេលមានដីកាកោះ ទី២.មិនត្រូវដូរលំនៅដ្ឋាន និងទី៣.ត្រូវដាក់ប្រាក់តម្កល់ចំនួន២០លានរៀល ។
សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការបានឃុំខ្លួនជនជាប់ចោទ នី លីស៊ាង អស់រយៈពេល១១ខែ និង២៥ថ្ងៃ ដោយសារការអូសបន្លាយនីតិវិធីតាមរយៈការប្ដឹងដិតចិត្តចៅក្រមស៊ើបសួរដល់ទៅ៣រូបពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ។
សូមរំលឹកថា ជនជាប់ចោទ ឈ្មោះ នី លីស៊ាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សសាលា អន្តរទ្វីប អាមេរិកាំក (AIS) ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២០ខែមករា ឆ្នាំ២០២០ បន្ទាប់ពីបានវាយយុវសិស្សឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩(ឃ) នៃសាលាអន្តរទ្វីប អាមេរិកកាំង (AIS) បណ្ដាលអោយស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង ៤.៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ ជាប់របងសាលាអន្ត រទ្វីបអាមេ រិកាំង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា អង្គហេតុនេះដំបូងឡើយ ជនរងគ្រោះ និងជនសង្ស័យខាង លើមានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយប្រើពាក្យសម្តី «អាមិង» ហើយក៏បានណាត់គ្នាវាយមួយទល់មួយ នៅផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ពេលនោះ ជនរងគ្រោះត្រូវជនដៃដល់វាយមួយដៃចំកណ្ដាលមុខដួលសន្លប់ ។ ភ្លាមៗនោះជនដៃ ដល់ក៏បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវមិត្តភក្កិរួម ថ្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែពេលទៅដល់ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូត ឈានដល់ការឃាត់ខ្លួនបានជនដៃដល់៕ រក្សាសិទ្ធិដោយ ៖ CEN