ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីសំណាក់អង្គភាពពាក់ព័ន្ធឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាត ដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។ ក្នុងនោះមានដំណាំស្រូវនិងផ្លូវ តែត្រូវបានស្ដារឡើងវិញក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ហើយផ្លូវបានបម្រើសេវាជូនដល់ពលរដ្ឋងាយស្រួលដឹកកសិផល។
សូមជម្រាបថា គម្រោបហេដ្ឋារចនាសម្ព័ន្ធ ដែល ឯកឧត្ដម និងក្រុមការងារ អញ្ជើញចុះពិនិត្យនោះ រួមមាន ៖ ១.គម្រោងផ្លូវដីក្រាលក្រួសហម ១ខ្សែ ប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជួសជុលបន្ទាន់ ដោយមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្ត ។ ២.គម្រោងសាងសង់ស្ពានបេតុង ១កន្លែង មានទំហំ ៣០ គុណនឹង ៨ម៉ែត្រ ស្ថិតនៅភូមិវាលត្រដក់ពង ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ ៣.គម្រោងសាងសង់ផ្លូវកាលបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិពព្រេង និងអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ប្រវែង ៦.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាគម្រោង (SAABAT) ។ ៤.គម្រោងសាងសង់ផ្លូវកាលបេតុង និងក្រាលកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅភូមិថ្នល់បែក-បុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ប្រវែង១១.៥២០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជួសជុលបន្ទាន់ ដោយមន្ទីរអភិវឌ្ឍន៍ និងជនបទ ខេត្ត ។ និង៥.គម្រោងផ្លូវបេតុង និងកៅស៊ូ ២ជាន់ ១ខ្សែ ស្ថិតនៅឃុំខ្វិតធំ ព្រៃឈរ និងភូមិបារាយណ៍ ស្រុកព្រៃឈរ មានប្រវែង ៧.៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាគម្រោង (CFACV) ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ។ ជាមួយគ្នានេះ ខាងស្រុកចំការលើ និងស្រុកព្រៃឈរ ក៏មានផ្លូវមួយចំនួន បានទទួលរងការខូចខាត ផងដែរ ។ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះ បានស្ថាបនារួចរាល់ និងចំណុចខ្លះទៀត កំពុងតែបន្តស្ថាបនាឡើងវិញ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពាន ១កន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះ កំពុងស្ថាបនា បានសសរស្ទើរួចទាំងស្រុង និងគ្រឹះក្រោមមួយចំនួនទៀត ដែលគម្រោងស្ពាន ១កន្លែង នេះ នឹងអាចសាងសង់រួចរាល់ នាបំណាច់ឆ្នាំ២០២៤ ខាងមុខនេះ ។ ដោយឡែក ក្រៅពីសមិទ្ធផល ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងលើ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុកស្ទឹងត្រង់ ដែលពួកគាត់ ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល ឃើញថា ការដាំដុះរបស់កសិករយើង មានការលូតលាស់ល្អ ដែលយើងរំពឹងទុកថា អនាគតកសិករយើង និងទទួលបានទិន្នផលខ្ពស់ ពីស្រូវពូជ ដែលរដ្ឋាភិបាល បានផ្ដល់ជូន
ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
សូមបញ្ជាក់ថាពេលទទួលរងផលប៉ះពាល់គឺឯកឧត្តមអភិបាលខេត្តបានចាត់ឱ្យកម្លាំងជំនាញចុះសិក្សានិងដោះស្រាយបន្ទាន់ជូនដល់ពលរដ្ឋនិងកសិករទាន់ពេលវេលា៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី