ក្រចេះ ៖ មេឈ្មួញដ៏ល្បីឈ្មោះដុះស្លែខាងកាងរថយន្តដឹកឈើប្រណីត ពីខេត្តក្រចេះ កាត់ស្រុកស្នួល ទៅប្រទេសវៀតណាមមិនមានការបង្ក្រាបពីសមត្ថកិច្ចណាមួយឡើយ។ បែបនេះ ទំនងជាបានផលប្រយោជន៍ ទុកជាឆ្នាំបាយហើយមើលទៅ។
ប្រភពរាយការណ៍បានឲ្យដឹងថា ទីតាំងស្តុបឈើប្រណីតមួយកន្លែង ដែលសមត្ថកិច្ចបានដឹង ហើយបែរជាសម្ងំឈឹង ធ្វើមិនដឹងគឺមេឈ្មួញល្បីឈ្មោះម្នាក់ នៅក្នុងខេត្តក្រចេះ។ ភូមិគ្រឹះមួយកន្លែងដែលព័ទ្ធរបងជិត ឃើញតែរថយន្តស៊េរីទំនើប ចេញចូលទាំងយប់ទាំងថ្ងៃ។ ភូមិគ្រឹះស្កឹមស្កៃនោះស្ថិតនៅផ្លូវជាតិលេខ7 បង្គោលគីឡូលេខ427 ភូមិអូរព្រះ ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មានរថយន្តស៊េរីទំនើបជាច្រើនគ្រឿង ដឹកឈើចេញពីស្រុកសៀមប៉ាង របស់ថៅកែវៀតណាមម្នាក់ ឈ្មោះមិញ ខេត្តស្ទឹងត្រែង យកមកទម្លាក់នៅផ្ទះលោកធី ហៅ ធី កាប៉ូ។
បន្ទាប់ពីដឹកឈើចេញពីខេត្តស្ទឹងត្រែង ទៅដល់ផ្ទះស្តុកឈើខាងលើនោះ ឈ្មោះធីកាប៉ូ ក៏បានបញ្ជាកូនចៅឲ្យប្រើរថយន្តដឹកជញ្ជូនបន្ត ឆ្លងកាត់ស្រុកស្នួល ទៅប្រទេសវៀតណាម។
ប្រភពបានឱ្យដឹងទៀតថា លោក កែវ ចំណាន មេព្រៃអូរគ្រៀង គឺជាអ្នកគ្រប់គ្រងតំបន់នោះ។ ខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ប្រចាំនៅតំបន់នោះដែរ។ក្រៅពីរដ្ឋបាលព្រៃឈើ បរិស្ថាន នគរបាល កងរាជអាវុធហត្ថខេត្តក្រចេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងស្ថាប័នផ្សេងទៀត មានរាប់អស់ប្រចាំក្នុងខេត្តក្រចេះ ច្រើនរាប់មិនអស់ក៏គ្មានឃើញមានកាតបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើ របស់ឈ្មោះធីកាប៉ូ ចេញពីភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាម។
ពេលសួរទៅប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះ បានប្រាប់ថា សមត្ថកិច្ចទាំងអស់ គ្រប់ស្ថាប័នត្រូវគ្នាអស់ហើយទោះបីជាដាក់កម្លាំងមកពីថ្នាក់លើប៉ុណ្ណាក៏ដោយ ក៏នៅតែចាញ់បារមីមេឈ្មួញម្នាក់ ឈ្មោះធីកាប៉ូដែរ។ ឈ្មោះធីកាប៉ូ គឺជាមេឈ្មួញដ៏ល្បីឈ្មោះម្នាក់ នៅក្នុងខេត្តក្រចេះ អ្នកណាក៏ស្គាល់ដែរមិនពិបាករកទេ ៕ រក្សាសិទ្ធិដោយ៖សំ.ណាង