Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រឹទ្ធសភា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ និង​ច្បាប់​សំខាន់ៗ​បី​ផ្សេងទៀត​

​ភ្នំពេញៈ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៧​រូប​។​

​អង្គ​ប្រជុំបាន​ដំណើរការ​ដោយមាន​របៀបវារៈ​ចំនួន ០៤ ដូចខាងក្រោម​នេះ​៖
​របៀបវារៈ​ទី​១៖​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១
​ថវិកា​ឆ្នាំ​២០២១ គឺជា​ថវិកា​ប្រយុទ្ធ​ការពារ​អាយុជីវិត ជីវភាព​របស់​ប្រជាជន និង​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយនឹង​ការបន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន​។

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ០៦​ជំពូក និង​១៥​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន​១១៦​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់​ចំនួន​៥៧​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​
​របៀបវារៈ​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩
​ថវិកា​ឆ្នាំ​២០១៩ គឺជា​ថវិកា​យុទ្ធសាស្ត្រ​នៃ​ការថែរក្សា​ការពារ​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​លំបាក​ក្នុង​រយៈពេល​កន្លងមក និង​ការគាំទ្រ​ដល់​ការសម្រេចបាន​នូវ​គោលដៅ​សំខាន់ៗ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព ក៏ដូចជា​ទ្រទ្រង់​ដល់​ដំណើរ​ការវិវឌ្ឍ​ឈានឡើង​របស់​កម្ពុជា​លើ​វិធី​នៃ​ការអភិវឌ្ឍ​ឥតឈប់ឈរ ប្រកបដោយ​គុណភាព និង​ចីរភាព​។​

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ០៣​ជំពូក និង​២២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន​១១៦​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់​ចំនួន​៥៧​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​
​របៀបវារៈ​ទី​៣៖​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ
​សេចក្តីព្រាងច្បាប់​នេះ ជំនួស​ឱ្យ​ច្បាប់​ចាស់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​ឆ្នាំ​២០០៧ មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ឆ្លើយតប​ខ្ពស់​ទៅនឹង​បរិបទ​បច្ចុប្បន្ន និង​និន្នាការ​ការប្រែប្រួល​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា តាមរយៈ​ការកំណត់​នូវ​ក្របខ័ណ្ឌ និង​គោលបំណង​ជាក់លាក់​រួម​សម្រាប់​ការគ្រប់គ្រង ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័​ក្កិ​សិទ្ធិ​ភាព ព្រមទាំង​ធានាបាន​នូវ​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​សំដៅ​រួមចំណែក ការពង្រឹង ការគ្រប់គ្រង​តម្រូវការ​សាច់ប្រាក់​រប​ស់រាជ​រដ្ឋាភិបាល ការឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញប្បទាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​ហិរញ្ញវត្ថុ និង​ការគាំទ្រ​គម្រោង​អាទិភាព និង​ចាំបាច់​ផ្សេងទៀត ព្រមទាំង​អាច​ទទួលបាន​អំណាច​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ និង​អតិផរណា​ក្នុងស្រុក តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ និង​ការដាក់​លក់​មូល​ប​ត្រ​រដ្ឋ​ដល់​វិស័យ​ឯកជន​។

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៥​ជំពូក និង​១៦​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន​១១៣​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៧​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៤៖​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ សេចក្តីព្រាងច្បាប់​នេះ មាន​សារសំខាន់​សម្រាប់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព និង​ចីរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល​។ បន្ទាប់ពី​សេចក្តីព្រាងច្បាប់​នេះ​ចូល​ជា​ធរមាន រាជរដ្ឋាភិបាល​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ពង្រឹង និង​ធានាបាន​នូវ​ប្រសិទ្ធភាព ការគ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ រួមទាំង​លើកកម្ពស់​ការអភិវឌ្ឍ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ផងដែរ​។​

​សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ២៤​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១១៣​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។​
​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៧​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×