ភ្នំពេញ៖ របាយការណ៍របស់ធនាគារពិភពលោក World Bank ថ្មីៗនេះ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា រំពឹងទុកថា នឹងងើបឡើងវិញ ដោយលូតលាស់បានប្រមាណ ជិត៤ភាគរយ ក្នុងឆ្នាំ២០២១ ខាងមុខនេះ ខណៈដែល ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនស្ទុះឡើង ៥.៩ ភាគរយ នៅឆ្នាំក្រោយនេះផងដែរ។
បើតាម លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក World Bank មានប្រសាសន៍ថា “ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើន។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះ គឺជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ។
លោកស្រីនាយិកា បានបន្តថា ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងពីបរទេស ឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបានបង្កើតឡើង កាលពីពេលថ្មីៗនេះ។
បើតាមលោក David Freedman សេដ្ឋវិទូប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះ ក្នុងរង្វង់-៤.០%ភាគរយ ក្នុងឆ្នាំ២០២០ ហើយកំណើននឹងស្ទុះឡើងវិញ ៥.៩ ភាគរយនៅឆ្នាំ ២០២១ខាងមុខ។ លោកបន្តថា “កម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាព ក្នុងការនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជា បង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម”។
គួរបញ្ជាក់ថា ធនាគារពិភពលោក World Bank និងធនាគារអភិវឌ្ឍន៍អាស៊ី ADB សុទ្ធតែបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះទៅរកកំណើនវិជ្ជមាននៅឆ្នាំ២០២១ខាងមុខ ខណៈបច្ចុប្បន្នសកម្មភាពសេដ្ឋកិច្ចកម្ពុជា កំពុងចាប់ផ្តើមកម្រើកឡើងវិញ៕រក្សាសិទ្ធិដោយ៖CEN