Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ (​UNI​DO​) បានបន្តចូលតម្រង់ទិសការស្រាវជ្រាវមុខជំនាញវិជ្ជាជីវៈដល់និស្សិតកម្ពុជានៅសាកលវិទ្យាល័យ

ជាការជួយជ្រោមជ្រែង និងគិតគូរអំពីទីផ្សារការងារដល់យុវជនកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ UNIDO នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញ​ការតម្រង់ទិសការស្រាវជ្រាវមុខជំនាញវិជ្ជាជីវៈនៅសាកលវិទ្យាល័យ ដើម្បីផ្តល់ឱកាសដល់និស្សិត​​នៅកម្ពុជាទទួលបានជំនាញ ចំណេះមួយ​ពិតប្រាកដ ​ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅតាមបណ្តា សហគ្រាសឧស្សាហកម្ម។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគម្រោង CAPFISH-CAPTURE ដែលចូលរួមអនុវត្តដោយអង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ (​UNI​DO​) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍ ការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម» នេះឡើង ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ និងរួមចំណែកដល់ការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។

ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ដល់ក្រុមនិស្សិត ជំរុញភាពជាដៃគូ និងលើកកម្ពស់ជំនាញស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា «ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យ ជាមួយនឹងតម្រូវការរបស់សហគ្រាស គឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពនៃការអប់រំផងដែរ។ យុទ្ធសាស្រ្ត​នេះបង្កើតឱកាសដល់និស្សិតនៅកម្ពុជាឱ្យទទួលបានជំនាញ ចំណេះពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។ ម៉្យាងវិញទៀត សាកលវិទ្យាល័យក៏អាចបង្កើតលទ្ធផលស្រាវជ្រាវល្អៗ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងវិស័យនានា ជាពិសេសវិស័យឧស្សាហកម្មដោយផ្ទាល់»។

គួរជ្រាបថា គម្រោង CAPFISH-CAPTURE ត្រូវបានផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប អង្គការ UNIDO ហើយដាក់ឱ្យអនុវត្តថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍វិស័យចំណីអាហារ (FTRIP) ដែលប្រមូលផ្តុំគ្រឹះស្ថានឧត្តមសិក្សា សហគ្រាសក្នុងវិស័យចំណីអាហារ និងស្ថាប័នសាធារណៈ ដើម្បីសហការបង្កើតដំណោះស្រាយនវានុវត្តន៍ ដែលមានមូលដ្ឋានលើការស្រាវជ្រាវ សម្រាប់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម៕ ពិសិដ្ឋ CEN

×