ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលក្នុងរយៈពេលពេញមួយឆ្នាំ២០២០នេះ បើទោះជាមានបញ្ហាប្រឈមនានាបានកើតឡើងជាពិសេសបញ្ហាកូវីដ-១៩ បញ្ហាគ្រោះធម្មជាតិ និងជំនន់ទឹកភ្លៀង ប៉ុន្តែបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ រួមជាមួយរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលល្អប្រសើរជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានប្រកបដោយលទ្ធផលវិជ្ជមាន ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តធ្វើការពិនិត្យ តាមដាន ជំរុញ និងគាំទ្រដល់ការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសការដាំដុះពូជស្រូវ គ្រាប់ពូជដំណាំ ពូជត្រី ដែលបានធ្វើការចែកជូននាពេលកន្លងមក ឲ្យទទួលបានលទ្ធផល និងទិន្នផលខ្ពស់ និងល្អប្រសើរ ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ តួយ៉ាងដីព្រៃ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។ រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្ត ណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់អនាធិបតេយ្យ និងសំណង់ផ្សេងៗដែលរំលោភលើដីចំណីផ្លូវ ។ ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព ៕រក្សាសិទ្ធិដោយ: វ៉ៃកូ