ស្ទឹងត្រែង៖ ក្មេងប្រុសម្នាក់ដែលបានវាធ្លាក់ចូលក្នុងឆ្នាំងបបរ តាំងពីនៅអាយុ 5 ទៅ6ខែ បណ្ដាលឱ្យពិការរហូតដល់អាយុ 2 ខួប នៅក្នុងគ្រួសារក្រីក្រតំបន់ដាច់ស្រយាលមួយ ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឥឡូវនេះមានសង្ឃឹមហើយ។
លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានប្រាប់ឲ្យដឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ថា ក្មេងប្រុសម្នាក់ដែលពិការ ដោយជួបឧប្បទ្ទវហេតុតាំងពីនៅតូចនោះ លោកក៏បានស្នើសុំទៅថ្នាក់ខេត្តខាងក្រុមគ្រូពេទ្យនៅភ្នំពេញ ដើម្បីជួយវះកាត់ដល់ក្មេងប្រុសនោះ។
លោកអភិបាលស្រុក បាននិយាយបន្ថែមទៀតថា ក្រុមគ្រូពេទ្យគ្រោងនឹងចុះមកទទួលយកក្មេង ទៅវះកាត់ក្នុងអំឡុងខែធ្នូនេះ ប៉ុន្តែដោយសារស្ថានភាពកូវីដ១៩ ទើបមានការលើកពេល។ ក៏ប៉ុន្តែក្រុមគ្រូពេទ្យមកពីភ្នំពេញ គ្រោងនឹងយកក្មេងអភ័ព្វនេះ ជួយវះកាត់តាមស្ថានភាពជាក់ស្ដែង។
សូមរំលឹកថា មួយគ្រួសារខ្វះខាតរស់នៅលើដីកោះដាច់ស្រយាល ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្មេងប្រុសម្នាក់បានពិការ តាំងពីនៅតូចដោយសារតែវាធ្លាក់ចូលឆ្នាំងបបរក្តៅ។ ឪពុកក្មេងនោះ ឈ្មោះលិប វាសនា ម្ដាយឈ្មោះសារឿនតូច មានកូនចំនួន២នាក់ គឺស្រីម្នាក់ប្រុសម្នាក់។ កូនស្រី គឺជាកូនច្បង រីឯក្មេងដែលរលាកទឹកបបរពិការ គឺជាកូនប្រុសពៅ៕ រក្សាសិទ្ធិដោយ៖សំ.ណាង