បណ្តាញសង្គមថៃ បានបញ្ចេញករណីនៃហេតុការណ៍មួយ កំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានដឹងថា ក្មេងប្រុសបានយំឡើងហើមភ្នែក និងត្រូវមូសខាំស្ទើរពាក់កណ្តាលយប់ បន្ទាប់ពីត្រូវបានជាប់គាំងនៅក្នុងសាលារៀនឯកជនមួយនៅក្នុងខេត្ត Chonburi កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
ទាក់ទងនឹងករណីដ៏មិននឹកស្មានដល់នេះផងដែរ គណនីហ្វេសប៊ុកមួយបានបញ្ជាក់ឲ្យដឹងថា ខ្ញុំបានប្រទះឃើញក្មេងប្រុសរងគ្រោះ នៅតែលតោលនឹងរបងសាលារៀន ខណៈកំពុងឈរឡើងហើមភ្នែកអស់ហើយ។ ហើយមូលហេតុដែលក្មេងប្រុសនេះ ត្រូវជាប់គាំងនៅក្នុងសាលារៀនបែបនេះ ក៏ព្រោះតែមុនពេលចាកចេញពីសាលា រូបគេបានចូលទៅលេងក្នុងកន្លែងលេងរអិល និងដេកលក់នៅក្នុងរូង (ដូចក្នុងរូប) ដែលជាហេតុធ្វើឲ្យគ្រូៗដែលមានការធូរលុងចំពោះការត្រួតពិនិត្យ គិតស្មានថាក្មេងប្រុសនេះប្រហែលត្រូវបានម្តាយយកទៅផ្ទះបាត់ទៅហើយ។
បុរសម្នាក់ឈ្មោះ Kittisak Kaewsasang អាយុ ៣៦ ឆ្នាំ ដែលជាអ្នកជួយក្មេងប្រុសនោះ បាននិយាយថា នៅវេលាម៉ោង ៦ និង ៣០ នាទី មានអ្នកលក់អាហារម្នាក់បានប្រាប់ថា បានប្រទះឃើញក្មេងប្រុសម្នាក់ កំពុងនៅជាប់តែលតោលក្នុងរបងសាលា ខណៈដៃជើងសុទ្ធតែស្នាមមូសខាំឡើងសូះអស់ហើយ នៅពេលនោះ គាត់ក៏បានឡើងលើរបង និងលើកក្មេងប្រុសនេះចុះមកខាងក្រៅភ្លាមៗ។ ហើយដោយឃើញក្មេងប្រុសនេះហាក់ឃ្លានខ្លាំង គាត់ក៏បានទិញអាហារឲ្យញ៉ាំផងដែរ មុនពេលម្តាយមកទទួលយកទៅផ្ទះ។
លោកស្រី Kanchana Sri Yuak ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ បានបញ្ជាក់យ៉ាងច្បាស់អំពីករណីថា ក្មេងប្រុសនេះតែងចេញទៅផ្ទះក្នុងម៉ោងល្ងាចជាទៀងទាត់ និងក្រោយគេ ព្រោះតែម្តាយរបស់គេចាកចេញពីកន្លែងការងារនៅម៉ោង ៨ យប់។ លោកស្រីបន្តថា ជាធម្មតា នាងបានប្រាប់កូនប្រុសច្បងឱ្យមកយកប្អូនប្រុស ប៉ុន្តែ នៅថ្ងៃកើតនោះ ដោយកូនប្រុសច្បងនោះរវល់ជក់លេងបាល់ទាត់ខ្លាំង ក៏ភ្លេចមកយកប្អូន។ នៅម៉ោង ៥ និង ៣០ នាទី ល្ងាច គ្រូបង្រៀនក៏បានឆែកឆេរជុំវិញសាលារៀនផងដែរ ដើម្បីពិនិត្យមើលថាតើមានកូនសិស្សម្នាក់នៅសល់ក្នុងសាលាដែរឬទេ។ ប៉ុន្តែ ដោយសារតែតំបន់ក្មេងប្រុសនោះកំពុងដេកលក់ ពុំមានភ្លើង ជាហេតុធ្វើឲ្យគ្រូៗមិនអាចមើលឃើញ ហើយក៏គិតថា បងប្រុសរបស់គេមកយកទៅបាត់ទៅហើយ។
ចំពោះករណីនេះផងដែរ លោកស្រី Kanchana បានសារភាពថា នេះជាកំហុសរបស់គ្រូៗ ហើយក៏សុំការអភ័យទោសទៅដល់ឪពុកម្តាយទាំងអស់ ដោយបានសន្យាថានឹងមិនឲ្យកើតមានឧប្បត្តិហេតុដូចនេះកើតឡើងម្តងទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង