ភ្នំពេញៈ សមត្ថកិច្ចបានខ្លួនជើង ខ្លាំងជំនាញខាងសកម្មភាពឆក់កាបូប និងឆក់ខ្សែកប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈនៅក្នុងរាជធានីភ្នំពេញ សម្រេចបានរហូតដល់០៩លើក និងបានបង្កឱ្យជនរងគ្រោះរងរបួស។ ជនសង្ស័យត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់បញ្ជូនទៅតុលាការនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យឈ្មោះ មាស កុសល ហៅស្តាល់ ភេទប្រុស អាយុ២៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្នាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពអំពើឆក់កាបូបស្ពាយជនរងគ្រោះហើយប្រើហិង្សាធាក់ម៉ូតូជនរងគ្រោះដួលបណ្តាលឱ្យរងរបួសស្ថិតនៅខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា កម្លាំងនគរបាលការិយាល័យជំនាញបង្រ្កាបចាប់ខ្លួនជនសង្ស័យសម្រេចបាននៅពេលនេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រូវស្រាវជ្រាវស្វែងរកបង្រ្កាបមុខសញ្ញាឆក់នេះឱ្យបាន ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់អនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសឆក់ឱ្យមានប្រសិទ្ធភាព។
នាយការិយាល័យនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងទៀតថា ជាមួយនិងការចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិជនរងគ្រោះទាំងនោះពិតប្រាក វត្ថុតាងចាប់យករួមមានៈម៉ូតូធ្វើសកម្មភាព០១គ្រឿង។ បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់បក្ខពួកជនជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវបន្តទៀត៕រក្សាសិទ្ធិដោយ៖CEN