Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភារាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចសង្ឃឹមថាលោកជំទាវ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវ ថូហ្វីកា ហ៊ុក ដែលត្រូវបានជ្រើសរើសជាតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ កម្ពុជា។ សម្តេចតេជោ បានរំលឹកបន្ថែមថា តំណាង IFC ចាស់មុនផុតអាណត្តិ ក៏បានមកជម្រាបលាសម្តេច ទោះបីជាសម្តេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្រ្តី ហើយការអញ្ជើញមកដល់នូវតំណាងថ្មីក្នុងពេលវេលាដ៏លឿននេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាង IFC ជាមួយកម្ពុជា។ សម្តេច មានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។
នាឱកាសជំនួបនេះ លោកជំទាវ ថូហ្វីកា ហ៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហើយចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់លោកជំទាវ ដែលសម្ដេចបានអនុញ្ញាតឱ្យលោកជំទាវនិង សហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវបានចាត់ទុកថា សម្តេចតេជោ ជា អតីតនាយករដ្ឋមន្រ្តីដែលកាន់ដំណែងយូរជាងគេ និងមានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។
លោកជំទាវ បានបន្តទៀតថា លោកជំទាវបានចាប់ផ្តើមតួនាទីថ្មីនេះ ទើបតែបានរយៈពេលជាង២ខែ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយ លោកជំទាវ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គទេសាភិបាលធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវ បានជម្រាបសម្តេចតេជោ ថាកន្លងមកលោកជំទាវ ធ្លាប់ធ្វើការនៅប្រទេសសឹង្ហបុរី ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកផងដែរ ដោយលោកជំទាវ ធ្វើការជាមួយផ្នែកឯកជន និងផ្នែករដ្ឋផងដែរ ដែលភាគច្រើនគឺពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ លោកជំទាវ មករស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាពេលនេះ គឺជាបទពិសោធន៍ថ្មីរបស់លោកជំទាវ។
លោកជំទាវ បានបញ្ជាក់ថា សាជីកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានវត្តមាននៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ ក្នុងនោះត្រឹមតែ១ ទសវត្សរ៍ចុងក្រោយនេះ IFC បានបោះទុនវិនិយោគនៅកម្ពុជា ដែលគិតជាទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ បានបន្តទៀតថា IFC មានការប្តេជ្ញាចិត្តចូលរួមចំណែកក្នុងនាមជាដៃគូដ៏ល្អមួយ នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ លោកជំទាវ មានប្រសាសន៍បន្តថា ក្នុងអាណត្តិរបស់លោកជំទាវIFC នឹងធ្វើយ៉ាងណាឱ្យដំណើរការគម្រោងរបស់វិស័យឯកជន និងវិស័យសាធារណៈ អនុវត្តបានជោគជ័យ និងចូលរួមជំរុញគោលដៅរបស់កម្ពុជា ប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្លាយជាការពិត។
លោកជំទាវសន្យាថានឹងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកពាក់ព័ន្ធដទៃទៀត គាំទ្រការអភិវឌ្ឍ មនុស្សការអភិវឌ្ឍជំនាញបង្កើនផលិតភាពភាពប្រកួតប្រជែងឱ្យមានការរីកចម្រើនដូចមុនវិបត្តិកូវីដ១៩ និងបន្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកាត់ដេរ ជាមួយធនាគារជាតិនៃកម្ពុជា ជាមួយវិស័យកសិកម្ម កម្មន្តសាល និងវិស័យផ្សេងៗជាច្រើនទៀត។
លោកជំទាវ បានបង្ហាញនូវសេចក្តីរីករាយ និងមោទនភាព ដែលប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលជំនាន់មុនៗ បានលះបង់ ពុះពារគ្រប់ឧបសគ្គនៃការបែកបាក់ និងសោកនាដកម្មដោយសារសង្រ្គាមរ៉ាំរ៉ៃ ដើម្បីប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍដូចបច្ចុប្បន្ន និងមានអនាគតដែលភ្លឺស្វាង។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់លោកជំទាវ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ សម្ដេចបានមានប្រសាសន៍ទៀតថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានវត្តមាននៅប្រទេសកម្ពុជាតាំងពី សម្ដេចដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណក្នុងរាជរដ្ឋាភិបាលនីតិកាលទី២ បន្តមកដល់យុទ្ធសាស្ត្រចតុកោណ និងរហូតមកដល់យុទ្ធសាស្ត្របញ្ចកោណនៅពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ
បានបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ និងបច្ចុប្បន្នឈានមកដល់យុទ្ធសាស្រ្តបញ្ញកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលជំនាន់ថ្មី គឺដើម្បីធានាថាប្រទេសកម្ពុជា នឹងចាកចេញពីប្រទេសអភិឌ្ឍតិចតួចក្នុងឆ្នាំ២០២៩ រួចនឹងឈានទៅសម្រេចបានប្រទេសជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្តេចតេជោ បានសង្កត់ធ្ងន់កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យម (middle-income trap) ដូចបណ្តាប្រទេសមួយចំនួន។ ដូច្នេះហើយ រយៈពេលពីឆ្នាំ២០៣០ ទៅដល់ ២០៥០ ជារយៈពេលសាកសមមួយ ដែលអាចឱ្យកម្ពុជាចាកចេញពីប្រទេសចំណូលមធ្យមកម្រិតខ្ពស់ទៅជាប្រទេសចំណូលខ្ពស់បាន។
សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាមាន សុទិដ្ឋិនិយម និងមានជំនឿជឿជាក់ថាអាចសម្រេចបានចក្ខុវិស័យនេះ អាស្រ័យលើការខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គ ពីព្រោះការលំបាកដែលប្រទេស និងប្រជាជនកម្ពុជា បានធ្លាប់ឆ្លងកាត់មក គឺលំបាកខ្លាំងណាស់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បទពិសោធរបស់សម្តេចផ្ទាល់ក្នុងការដឹកនាំប្រទេស ដោយផ្តោតអាទិភាពលើកត្តាចំនួន ២៖ ទី១ គឺត្រូវតែរក្សាស្ថិរភាពនយោបាយឱ្យបានជាដាច់ខាត ព្រោះថាបើគ្មានសន្តិភាពស្ថិរភាពនយោបាយ កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍអ្វីៗទាំងអស់។ កត្តាទី២ គឺត្រូវរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពីព្រោះកត្តាទាំងពីរនេះ មានចំណងទាក់ទងទៅវិញទៅមក និងបំពេញឱ្យគ្នាដែលមិនអាចទាត់ចោលកត្តាណាមួយបានឡើយ។ ប្រទេសដែលមានស្ថិរភាពនយោបាយ ទើបអាចអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប៉ុន្តែបើគ្មានស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនោះទេ សន្តិភាព និងស្ថិរភាពនយោបាយក៏មិននៅបានស្ថិតស្ថិរនោះដែរ។
សម្តេចតេជោ បានជម្រាបលោកជំទាវតំណាង IFC ឱ្យតាមដានមើលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានភាពជឿនលឿន និងមានល្បឿនជាងអាណត្តិមុនៗ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថាកម្ពុជា មិនមែននៅតែឯងនោះទេ បញ្ហាប្រឈមរបស់ពិភពលោកទាំងរឿងកូវីដ, បញ្ហាសង្រ្គាម គឺសុទ្ធតែជះឥទ្ធិពលមកដល់កម្ពុជា។ សម្តេចតេជោ បានបង្ហាញពីការសោកស្តាយ ដែលសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនក្នុងរង្វង់៧% អស់រយៈពេលជាង ២ទសវត្សរ៍ ត្រូវរងផលប៉ះពាល់ពីបញ្ហាកូវីដ និងបញ្ហាប្រឈមដទៃទៀតរបស់ពិភពលោក។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ទោះស្ថិតនៅក្នុងសេណារីយោអាក្រក់បំផុតរបស់ពិភពលោកបែបណាក៏ដោយ ប្រទេសកម្ពុជា នឹងមិនខ្វះស្បៀង ឬអង្ករដាច់ខាត ហើយប្រទេសសមាជិកអាស៊ាន ក៏នឹងមិនខ្វះអង្ករឡើយ ព្រោះប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា គឺជាប្រទេសផលិតស្បៀង។ ទោះបីកម្ពុជា មានសន្តិសុខស្បៀង តែខ្វះសន្តិសុខថាមពល ដូច្នេះប្រទេសក្នុងអាស៊ាន ក៏អាចបំពេញបញ្ហាថាមពលនេះដល់កម្ពុជាវិញផងដែរ ដែលចំណុចនេះសម្តេចតេជោ បានលើកយកមកពិភាក្សាជាមួយអគ្គរដ្ឋទូតទីម័រឡេស្តេ។
សម្ដេចតេជោបានបង្ហាញនូវមោទនភាព ដែលកន្លងមកនេះកម្ពុជាបានប្រើប្រាស់ថាមពលបៃតងជាង៦០% ដែលអាឈានដល់៧០% នាប៉ុន្មានឆ្នាំខាងមុខ តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលមានដូចជាសូឡាពន្លឺព្រះអាទិត្យ និងខ្យល់ជាដើម ក្នុងនោះយើងក៏បានប្រើប្រាស់ដីធ្លីឱ្យទៅជាគម្របបៃតង ក្នុងការដាំដំណាំផ្សេងៗដូចជាស្វាយចន្ទី កៅស៊ូ និងដំណាំឧស្សាហកម្មផ្សេងទៀតដែលជួយដល់ការរីកចម្រើននៃគម្របព្រៃឈើផងដែរ។ ក្នុងនោះទំហំពាណិជ្ជកម្មរបស់កម្ពុជាក៏មានការកើនឡើងប្រមាណ២០% ក្នុងរយៈពេលកន្លងមកនេះ ហើយសម្ដេចសង្ឃឹមថាលោកជំទាវ នឹងរួមចំណែកដល់ការអភិវឌ្ឍដល់កម្ពុជា និងជួយជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ និងជាប្រទេសប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹក ពីមូលហេតុដែលសម្ដេចបានលះបង់អំណាចពីនាយករដ្ឋមន្ត្រី នៅពេលដែលសម្ដេចនៅមានការគាំទ្រច្រើន ដែលនេះគឺជាការលះបង់មួយដែលសម្ដេចមិនចង់ឱ្យមានការប្រថុយប្រថានក្នុងវិបត្តិមេដឹកនាំ នៅពេលដែលមានការផ្លាស់ប្ដូរអំណាចនោះទេ គឺដើម្បីរក្សាបាននូវសុខសន្តិភាពយូរអង្វែង។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរលោកជំទាវតំណាង IFC ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មការងាររបស់លោកជំទាវនៅប្រទេសកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×