Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ ក្រុមជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ : ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យ ០១នាក់ និង បក្ខពួក ០១ក្រុម ប្រដាប់ដោយកូនកាំបិតចុងស្រួច ជិះម៉ូតូ ០២ គ្រឿង បានធ្វើសកម្មភាពដកកូនកាំបិតចាក់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច សួនច្បារមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ផ្លូវ ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២៣និង៣០នាទី។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់។ រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤និង ៣០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដី ដោយសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមូលដ្ឋានអាវុធហត្ថស្រុកស្រីសន្ធរ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនទាំង ០៤នាក់ មានឈ្មោះ ១- ឈ្មោះ ងៀប សាដទីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ (ជនដៃដល់), ២- ឈ្មោះ សេង អៀមសៀ ភេទប្រុស អាយុ២៦ឆ្នាំ, ៣- ឈ្មោះ មាស ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៤- ឈ្មោះ ហ៊ាង សីហៈ ហៅ ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ ងៀប សាដទីរ៉ា (ជនដៃដល់) បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយបានយកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ ប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយជនរងគ្រោះ។ ចំណែកឯជនសង្ស័យ០៣នាក់ទៀត បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើឃាតកម្មខាងលើ ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រាកដមែន ហើយក្នុងនោះក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យដែលពាក់ព័ន្ធករណីខាងលើហើយគេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕ រក្សាសិទ្ធដោយ : សុទ្ធលី

×