Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិកម្ពុជា ប្រតិកម្មចំពោះបុរសជនជាតិថៃម្នាក់ និងទាហានថៃប៉ុន្មាននាក់ ដែលខ្វះការគោរពគ្នា គោរពច្បាប់ និងគោរពគោលការណ៍ដែលបានព្រមព្រៀងគ្នា នៅលើតំបន់ប្រាសាទតាក្របី

ភ្នំពេញ : ក្រសួងការពារជាតិកម្ពុជា បានប្រតិកម្មជុំវិញរឿងរ៉ាវប៉ះពាក្យសម្ដីគ្នានៅលើប្រាសាទតាក្របី ថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមាន រចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។

អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃ ដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះ ដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។

ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារនៅទីនោះ បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នា ជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃ មកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។

អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃ ដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះ គឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃ ដែលឈរជើងនៅទីនោះ បានដឹង និងព្រមព្រៀងគ្នាកន្លងមក។

កងទ័ពកម្ពុជា និងប្រជាជនកម្ពុជា សូមសម្តែងការថ្កោលទោស ចំពោះកាយវិការរបស់ប្រជាជនថៃរូបនេះ និងសកម្មភាពរបស់ក្រុមទាហានឈុតខ្មៅថៃ មករារាំងប្រជាជនខ្មែរ ខណៈដែលពួកទាហានឈុតខ្មៅនេះ គ្មានភារកិច្ចនៅលើតំបន់ប្រាសាទតាក្របីនេះឡើយ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×