ស្ទឹងត្រែង ៖ នារីម្នាក់ស្រាប់តែគេចខ្លួនពីប្តី និងកូនស្រីម្នាក់ទើបមានអាយុ ៥ ឆ្នាំ ខណៈពេលនាំគ្នាមកផ្សារខេត្តស្ទឹងត្រែង។ បុរសជាប្ដីសង្ស័យថា ប្រពន្ធរបស់ខ្លួនអាចនឹងរត់តាមប្រុសថ្មី។
លោកនី ម៉ង់ មេប៉ុស្តិ៍នគរបាលឃុំស្ដៅ ស្រុកសេសាន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែធ្នូថា យោងតាមពាក្យបណ្ដឹងរបស់បុរសជាប្ដី បានប្រាប់ថាប្ដីប្រពន្ធពីរនាក់ រួមទាំងកូនតូចបានធ្វើដំណើរពីផ្ទះឃុំស្ដៅ ស្រុកសេសាន មកផ្សារខេត្តស្ទឹងត្រែង ក៏ប៉ុន្តែបែរជាបាត់ប្រពន្ធដោយមិនដឹងមូលហេតុ។
រឿងនេះបានកើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី រហូតមកទល់នឹងថ្ងៃទី២៧ ខែធ្នូនេះ រកមិនទាន់ឃើញប្រពន្ធរបស់ខ្លួនវិលត្រឡប់ទៅផ្ទះវិញ នៅឡើយទេ។ បុរសជាប្តីបានសម្រេច ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលមូលដ្ឋាន។
ស្ត្រីដែលបានបាត់ខ្លួនមានឈ្មោះ ចាន់ ប៊ុនហាន់ អាយុ ២០ឆ្នាំមានទីលំនៅភូមិ ស្តៅ២ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ធ្នូ បានទៅផ្សារនៅខេត្តស្ទឹងត្រែង រួមជាមួយប្តីនិងកូនស្រី។ លុះដល់ម៉ោង១២ថ្ងៃត្រង់ បុរសជាប្ដីឈ្មោះ កា.ខេមរិន បានបញ្ចុកបាយ កូននៅតូបលក់បាយមួយកន្លែង។ ខណៈពេលនោះប្រពន្ធទៅទិញឡេ លាបខ្លួន រហូតបាត់យូរពេក ប្តីក៏តាមរក តែរកមិនឃើញដល់ម៉ោង៥ល្ងាច គេបិទផ្សារក៏បានយកកូនត្រឡប់មកផ្ទះវិញ និងប្រាប់ឪពុកម្តាយ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង១៥នាទី ប៉ុស្តិ៍រដ្ឋបាលបានទទួលពាក្យបណ្តឹងពីឈ្មោះ កា ខេមរិន អាយុ ២២ឆ្នាំ (ត្រូវជាប្តី)។ គ្រួសារនេះមានរៀបចំអាពាហ៍ពិពាហ៍ ត្រឹមត្រូវមានកូនស្រីម្នាក់អាយុ ៥ ឆ្នាំ។
ប្រភពព័ត៌មានចុងក្រោយបានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់ដែលបានបាត់ខ្លួននោះ បានទូរស័ព្ទទៅម្ដាយបង្កើតរបស់ខ្លួនថា បានធ្វើដំណើរទៅរកការងារធ្វើនៅទីក្រុងភ្នំពេញ។ ឆ្លើយតបរឿងនេះខាងបុរសជាប្ដីសង្ស័យថា ប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងស្នេហា តាមបណ្ដាញសង្គមហ្វេសប៊ុក ជាមួយបុរសថ្មីរហូតឈានដល់ត្រូវរ៉ូវគ្នា ចុះចោលប្ដីនិងកូនស្រីតូច៕ រក្សាសិទ្ធិដោយ៖សំ.ណាង